ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម UENO ATSUSHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម UENO ATSUSHI ថ្លែងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន២០ ដែលរដ្ឋាភិបាលជប៉ុន អនុញ្ញាតឲ្យធ្វើទិដ្ឋាការ ឬការធ្វើ e-VISA តាមប្រព័ន្ធអនឡាញ ទៅទស្សនាប្រទេសជប៉ុន។
ថ្លែងក្រោយជំនួបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុន បានប្រកាសបើកផ្លូវការឲ្យគ្រប់ភ្ញៀវទេសចរកម្ពុជានានា អាចធ្វើទិដ្ឋាការ VISA នៅប្រព័ន្ធអនឡាញ ទៅទស្សនាជប៉ុន តាំងពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣នេះ តាមរយៈការបើកធ្វើe-VISAនេះ នឹងជំរុញកំណើនទេសចរកម្ពុជា ទៅប្រទេសជប៉ុន និងផ្សព្វផ្សាយទេសចរជប៉ុនមកទស្សនាកម្ពុជាវិញមានកំណើនល្អប្រសើរឡើងវិញ ជាពិសេសនោះ គឺការជំរុញក្រុមហ៊ុនអាកាសចរ ANA របស់ប្រទេសជប៉ុន បើកជើងហោះត្រង់កម្ពុជា ជប៉ុនឡើងវិញផងដែរ។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម UENO ATSUSHI ក៏បានថ្លែងព្រមព្រៀងថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសជំរុញការអភិវឌ្ឍវិស័យធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការបន្តជំរុញការអភិវឌ្ឍទីក្រុងឆ្លាវៃ SMART CITY នៅខេត្តសៀមរាប និងជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រទេសជប៉ុន ទាក់ទាញ អ្នកវិនិយោគទុនជប៉ុន និងទេសចរជប៉ុនមកកម្ពុជាមានកំណើនល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា អំឡុងមុន បរិបទកូវីដ១៩ ទេសចរជប៉ុនមកទស្សនាកម្ពុជា មានរង្វង់២០ម៉ឺននាក់ ហើយកម្ពុជា ទៅទស្សនាជប៉ុនមានប្រមាណ២ម៉ឺននាក់ ដែលការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន កម្ពុជា ជប៉ុន បានធ្វើឲ្យកម្ពុជាទទួលបានអភិវឌ្ឍន៍ជាច្រើនជាពិសេសក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ជាដើម៕ អត្ថបទ ស៊ុម សុខជា