UN ៖ បេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមពិនិត្យឡើងវិញនូវប្រតិបត្តិការរបស់ខ្លួន និងបានស្នើឱ្យបុគ្គលិកអាហ្វហ្គានីស្ថានទាំងអស់ កុំឱ្យមកធ្វើការយ៉ាងហោចណាស់រហូតដល់ខែឧសភា បន្ទាប់ពីរដ្ឋបាលក្រុមតាលីបង់បានហាមប្រាមបុគ្គលិកស្ត្រីរបស់ខ្លួនមិនឱ្យធ្វើការ។ អង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមតាលីបង់ដែលបានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០២១ បានផ្លាស់ប្តូរគំនិតថាស្ត្រីអាហ្វហ្គានីស្ថាននឹងពុំអាចធ្វើការឱ្យអង្គការពិភពលោកបានទេ។ មន្ត្រីក្រុមតាលីបង់ មិនបានធ្វើអត្ថាធិប្បាយលើការបញ្ជានេះឡើយ។ យោងតាមបេសកកម្មរបស់អង្គការសហប្រជាជាតិ (UNAMA) បានឲ្យដឹងថា តាមរយៈបម្រាមនេះ អាជ្ញាធរក្រុមតាលីបង់ ព្យាយាមបង្ខំឲ្យអង្គការសហប្រជាជាតិ ជ្រើសរើសជម្រើសដ៏គួរឱ្យព្រួយបារម្ភរវាងការបន្តវត្តមានរបស់ខ្លួន និងការផ្តល់ការគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាន និងឈរលើបទដ្ឋាន និងគោលការណ៍ ដែលយើងមានកាតព្វកិច្ចដើម្បីគាំទ្រ។ អង្គការសហប្រជាជាតិបាននិយាយថា ការអនុវត្តបទបញ្ជានេះនឹងធ្វើឱ្យអង្គការពិភពលោកបំពានលើធម្មនុញ្ញរបស់ខ្លួន។ ស្ថាប័ននេះ បានស្នើឱ្យបុគ្គលិកប្រមាណ ៣,០០០នាក់ ទាំងបុរសនិងស្ត្រី ឲ្យស្នាក់នៅផ្ទះរហូតដល់ថ្ងៃទី ៥ ខែឧសភា ខណៈស្ថាប័នធ្វើការពិគ្រោះយោបល់ចាំបាច់ ដែលបានធ្វើការកែតម្រូវចាំបាច់ណាមួយចំពោះប្រតិបត្តិការរបស់ខ្លួន និងការពន្លឿនផែនការបន្ទាន់។ ការរឹតត្បិតលើបុគ្គលិកស្ត្រីរបស់អង្គការសហប្រជាជាតិ បានធ្វើឡើងបន្ទាប់ពីមានបម្រាមលើបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីភាគច្រើនកាលពីខែធ្នូ បណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ។ មន្ត្រីមួយចំនួនបានលើកឡើងពីការព្រួយបារម្ភថា ម្ចាស់ផ្តល់ជំនួយអាចនឹងដកការគាំទ្រដល់កម្មវិធីជំនួយមនុស្សធម៌នៅប្រទេសអាហ្វហ្គានីស្ថាន ជាកម្មវិធីធំបំផុតក្នុងពិភពលោក ហើយកំពុងអនុវត្តកម្មវិធីមួយចំនួន និងការចូលទៅដល់ស្ត្រីនៅក្នុងប្រទេសអភិរក្សនិយមដោយគ្មានបុគ្គលិកជាស្ត្រី ជារឿងមិនអាចធ្វើទៅបាន។ ក្រុមតាលីបង់ បានដាក់កម្រិតជាបន្តបន្ទាប់លើសិទ្ធិទទួលបានការងារ ការសិក្សាអប់រំ និងជីវិតសាធារណៈរបស់ស្ត្រី។ មន្ត្រីក្រុមតាលីបង់ បាននិយាយថា ពួកគេគោរពសិទ្ធិស្ត្រីស្របនឹងការបកស្រាយដ៏តឹងរ៉ឹងចំពោះច្បាប់អ៊ីស្លាមរបស់ពួកគេ៕ ដោយ ៖ ប៊ុនថា

