រុស្ស៊ី ៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីនឹងមើលឃើញប្រាក់ចំណូលបានមកពីប្រេងនិងឧស្ម័នកើនឡើងកាន់តែខ្ពស់ជាងនេះ នៅដំណាច់ត្រីមាសទី ២ និងថានិន្នាការវិជ្ជមានខាងសេដ្ឋកិច្ចកំពុងមានសន្ទុះកើនឡើងដោយសារតែការកើនឡើងតម្លៃប្រេងសកល។ ភាគហ៊ុនប្រេង LCOc1 កើនឡើងច្រើនជាង ៥% ចាប់តាំងពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរួមទាំងប្រទេសរុស្ស៊ី បានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន តាមរយៈកាត់បន្ថយគោលដៅផលិតចាប់ពី ខែឧសភា។ ប្រទេសរុស្ស៊ីបានជួបឱនភាពថវិកាចំនួន ២៩ពាន់លានដុល្លារនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះប្រាក់ចំណូលពីការនាំចេញថាមពលដ៏សំខាន់របស់ខ្លួន ដែលត្រូវបានដាក់គោលដៅដោយទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។ លោក Putin បានសាទរដល់ការស្តារឡើង វិញឆាប់រហ័សនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ស្របពេលប្រឈមនឹងទណ្ឌកម្មប្រទេសលោកខាងលិច។ លោក និយាយថាប្រាក់ចំណូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីជាធាតុសំខាន់នៅក្នុងថវិការដ្ឋដែលបានធ្លាក់ចុះប្រ មាណ ១.៣ ពាន់ពាន់លានរូប្លិ៍ (១៥.៨ ពាន់លានដុល្លារ) នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣។លោក Putin និយាយថា មានការរំពឹងទុកថានៅដំណាច់ត្រីមាសទី ២ ដោយសារតម្លៃប្រងកើនឡើង ស្ថានភាពនេះនឹងផ្លាស់ប្តូរ។ ចំណូលប្រេងនិងឧស្ម័នបន្ថែម នឹងចាប់ផ្តើមហូរចូលទៅក្នុងថវិកា។ កាលពីព្រឹកថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ប្រទេសរុស្ស៊ីអាចមើលឃើញឱនភាពថវិកាកាន់តែខ្លាំង និងអតិរេកគណនីចរន្តតិចជាងមុននៅឆ្នាំនេះ ខណៈភាពឯកោជាសកល និងប្រាក់ចំណូលថាមពលធ្លាក់ចុះ ធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកនៃកំណើនរបស់ខ្លួនសម្រាប់ឆ្នាំខាងមុខ។មូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្កើនការព្យាករណ៍ផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២៣ របស់ខ្លួនសម្រាប់ប្រទេសរុស្ស៊ីដល់កំណើនកម្រិត ០.៧% ពី ០.៣% ប៉ុន្តែបានកាត់បន្ថការព្យាករណ៍ឆ្នាំ ២០២៤ មកនៅត្រឹម ១.៣% ពី ២.១% ដោយនិយាយថាខ្លួនក៏រំពឹងថានឹងមានកង្វះកម្លាំងពលកម្ម និងការចាកចេញរបស់ក្រុមហ៊ុនប្រទេសលោកខាងលិច នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសរុស្៕ ដោយ ៖ ប៊ុនថន

