អ៊ុយក្រែន ៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Emine Dzhaparova បាននិយាយនៅថ្ងៃអង្គារ ទី១១ ខែ មេសានេះថា ប្រធានាធិបតី លោក Volodymyr Zelenskiy នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង ២០ (G20) និងពន្យល់ពីផលប៉ះពាល់នៃសង្រ្គាមជាមួយរុស្ស៊ី។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង New Delhi លោកស្រី Dzhaparova និយាយថាទីក្រុង Kyiv រំពឹងថាប្រទេសឥណ្ឌានឹងអញ្ជើញមន្ត្រីអ៊ុយក្រែនឱ្យចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល G20 និងបង្កើនការសន្ទនានយោបាយជាមួយទីក្រុង Kyiv ។ ប្រទេសឥណ្ឌា កាន់តួនាទីជាប្រធានប្តូរវេននៃក្រុម ប្រទេសG20 នៅឆ្នាំនេះ និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅខែកញ្ញា។ ទីក្រុង ញូវដេលី ពុំបានរិះគន់ទីក្រុងមូស្គូដូចប្រទេសផ្សេងទៀតនោះទេ ចំពោះការវាយលុកមកលើអ៊ុយក្រែន ហើយថែមទាំងបានបង្កើនការទិញប្រេងពីប្រទេសរុស្ស៊ី ដែលជាសរសៃឈាមជីវិតសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសផ្សេងទៀតបានស្វែងរកការទិញប្រេងកាន់តែតិច ឬដាក់បម្រាម។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅទីក្រុងញូវដេលី បាននិយាយថា យើងក៏រំពឹងថានឹងមានដំណើរទស្សនកិច្ចរបស់លោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ដោយសារតែមេដឹកនាំរបស់យើងទាំងពីរគឺនាយករដ្ឋមន្ត្រី លោក Narendra Modi និងប្រធានាធិបតី លោក Volodymyr Zelenskiy បានជឿទុកចិត្តលើ លោក Doval និង លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ដើម្បីសម្របសម្រួលយន្តការសន្តិសុខពិសេស ហើយលោកស្រីគិតថា វាជាពេលវេលាដ៏ត្រឹមត្រូវដើម្បីធ្វើដូច្នេះ។ ប្រទេសឥណ្ឌា បានស្វែងរកដំណោះស្រាយផ្នែកការទូតចំពោះជម្លោះនៅអ៊ុយក្រែន ខណៈដែលលោក Modi បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីខែកញ្ញាថា បច្ចុប្បន្ននេះពុំមែនជាយុគសម័យនៃសង្គ្រាមនោះទេ។


