កំពង់ធំ៖ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ ចាប់ផ្តើមឆ្លងទៅកាន់ខេត្តកំពង់ធំកាលពីដើមខែមីនា ឆ្នាំ២០២១, គិតរហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងមានចំនួន៥១នាក់ និងកំពុងសម្រាកធ្វើច័ត្តាឡីស័កចំនួន១.២៥៤នាក់។
តាមរបាយការណ៍បញ្ជាក់របស់របាលខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១, បញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងខេត្តកំពង់ធំ កំពុងកើនឡើងខ្ពស់ឆាប់រហ័សពាក់ព័ន្ធព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនៅព្រឹកនេះផ្ទាល់មានអ្នកឆ្លងសរុបចំនួន៥១នាក់ និងកំពុងធ្វើច័ត្តាឡីស័ក ចំនួន១.២៥៤នាក់។ បច្ចុប្បន្ននេះ គ្រប់ក្រុងស្រុកទាំងប្រាំបួន រៀបចំមណ្ឌលច័ត្តាឡីស័ករៀងៗខ្លួន ដែលមណ្ឌលច័ត្តាឡីស័កទាំងអស់រៀបចំនូវការស្នាក់នៅនៃអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងគ្នា។
របាយការណ៍ដដែល បានបញ្ជាក់ថា បច្ចុប្បន្នព្រឹត្តិការណ៍ឆ្លងសហគមន៍នៅភូមិខេត្តកំពង់ធំទាំងមូលកើតឡើងចំនួនបួនស្រុក ក្នុងចំណោមប្រាំបួនក្រុង មានស្រុកតាំងគោក ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ដែលមានអ្នកចំនួនអ្នកប៉ះពាល់ផ្ទាល់កើនឡើងជាបន្តបន្ទាប់ និងរកឃើញអ្នកវិជ្ជមានថ្មីៗបន្ថែមទៀត ពាក់ព័ន្ធ ជាមួយការឆ្លងរីករាលដាល នៅភូមិលាបទង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែឧសភា សំណាកវិជ្ជមានអ្នកដែលជាប់ព្រឹត្តិការណ៍នៅភូមិលាបទង ផ្សារសេរីស្ទោង មានអ្នកវិជ្ជមានថ្មីចំនួន ១៥នាក់ ។ សរុបរួមនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងសរុបមាន៥១នាក់ អ្នកធ្វើតេស្ដ សំណាកសរុបចំនួន១.២៥៤នាក់ ព្យាបាលជាសះស្បើយចេញពីមន្ទីរពេទ្យខេត្តចំនួន១២នាក់, កំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យខេត្តចំនួន៣៩នាក់ និងកំពុងបិទខ្ទប់ភូមិលាបទង ផ្សារសេរីស្ទោង ស្ថិតនៅក្នុងស្រុកស្ទោង ដើម្បីបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ និងធ្វើតេស្ដរកករណីវិជ្ជមានលើប្រជាពលរដ្ឋប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នៅផ្សារសេរីស្ទោងទាំងអស់បន្តធ្វើច័ត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃ និងតាមដានសុខភាពខ្លួនជាប្រចាំក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ រាយការណ៍មកកាន់អាជ្ញាធរ ឬហៅទូរស័ព្ទទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃដើម្បីទទួលបានសេវាសុខាភិបាលជាបន្ទាន់៕



