អន្តរជាតិ ៖ វីដេអូពីលើអាកាសដ៏រន្ធត់មួយបានបង្ហាញពីចំហេះព្រៃដ៏ធំមួយដែលកំពុងឆាបឆេះក្នុងក្រុង Manchester រដ្ឋ New Jersey កាលពីល្ងាចថ្ងៃអង្គារ (១១ មេសា)។
យោងតាមមណ្ឌលសេវាចំហេះព្រៃរដ្ឋ New Jersey គិតត្រឹមព្រឹកថ្ងៃពុធ (១២ មេសា)បានឲ្យដឹងថា ភ្លើងបានឆេះរាលដាលលើទំហំដីព្រៃជាង ២០២.៣ ហិកតា ហើយត្រូវពន្លត់បានត្រឹមតែ១០% ប៉ុណ្ណោះ។
ក្រុមអាជ្ញាធរបានបញ្ជាឱ្យជម្លៀសអ្នកស្រុកដែលរស់នៅក្បែរនោះ ហើយមានមន្ត្រីរាយការណ៍ថា អ្នកស្រុកចំនួន ១៧០ គ្រួសារត្រូវបានជម្លៀសចេញរួចរាល់ហើយ។
សមត្ថកិច្ចបានបន្ថែមថា មិនទាន់មានអ្នករងរបួសនៅឡើយទេ ហើយមូលហេតុនៃចំហេះនេះក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។

