ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់។
ជនរងគ្រោះបានប្តឹងជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោក និង ក្លែងឯកសារសារធារណៈ ដោយជនសង្ស័យបាន អះអាងចំពោះមុខជនរងគ្រោះថា ខ្លួនពាក់ស័ក្តិឧត្តមសេនីយ៍ទោ ជាដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឲ្យ ជនរងគ្រោះចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ ១០,០០០ដុល្លារ។
បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះ អាវុធហត្ថភ្នំពេញក៏បានបើកការ ស្រាវជ្រាវជាបន្ទាន់ និងឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត នៅចំណុចមុខផ្សារបុរីពិភពថ្មីកំបូល៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ជនសង្ស័យមានមុខរបរត្រឹមតែ ជាអ្នកគួកជេរដី និងជាអ្នកបើករថយន្តប៉ុណ្ណោះ ក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចាប់យក អាវុធខ្លីកែច្នៃ ០១ដើម ពុំមានម៉ាក និងឯកសារក្លែង មួយចំនួន ពីជនសង្ស័យផងដែរ។
ជនសង្ស័យ បានទទួលស្គាល់ថា ពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូល ក្របខ័ណ្ណពិតប្រាកដមែន ដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួនបានក្លែងឯកសារប្រគល់ឲ្យ ជនរងគ្រោះ និងបានទទួលលុយពីជនរងគ្រោះ ទើបតែបាន ៨,០០០ដុល្លារប៉ុណ្ណោះ ក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបានថា ខ្លួនឆបោកតែម្តង៕ ដោយ៖ តារាវុទ្ធី




