អ៊ីស្រាអែល ៖ ការស្រាវជ្រាវថ្មីចុះផ្សាយកាលពីថ្ងៃអង្គារដោយក្រុមហ៊ុន Microsoft Corp និងក្រុមឃ្លាំមើលអ៊ីនធឺណិត Citizen Labបានឲ្យដឹងថា ឧបករណ៍ចូលលួចយកទិន្នន័យរបស់ក្រុមហ៊ុនអ៊ីស្រាអែល ត្រូវបានប្រើប្រាស់មកលើក្រុមអ្នកសារព័ត៌មាន ឥស្សរជនប្រឆាំង និងអង្គការតស៊ូមតិ នៅតាមបណ្តាប្រទេសយ៉ាងណាស់ចំនួន ១០ ដែលរួមទាំងពលរដ្ឋនៅអាមេរិកខាងជើង និងអឺរ៉ុបផងដែរ ។
ក្រុម Citizen Lab និយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា ពួកគេអាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះសង្គមស៊ីវិលដែលទូរស័ព្ទ iPhonesរបស់ពួកគេ ត្រូវបានចូលលួចយកទិន្នន័យដោយប្រើប្រាស់កម្មវិធីឈ្លបការណ៍ផលិតដោយក្រុមហ៊ុនអ៊ីស្រាអែល QuaDream Ltd គឺជាក្រុមហ៊ុនប្រកួតប្រជែងមិនសូវមានអ្នកស្គាល់ជាមួយនឹងក្រុមហ៊ុនកម្មវិធីចារកិច្ចអ៊ីស្រាអែល NSO Group ដែលត្រូវបានចុះបញ្ជីខ្មៅដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់លើការបំពាន ។
នៅក្នុងរបាយការណ៍ចុះផ្សាយក្នុងពេលតែមួយ ក្រុមហ៊ុន Microsoft និយាយថា ពួកគេមានជំនឿចិត្តខ្ពស់ថា ថាកម្មវិធី Spyware មានការជាប់ពាក់ព័ន្ធខ្លាំងនឹងក្រុមហ៊ុន QuaDream ។
លោក Amy Hogan-Burney គឺជាអគ្គទីប្រឹក្សារងក្រុមហ៊ុន Microsoft និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមចូលលួចទិន្នន័យគិតតែពីផលប្រយោជន៍ខ្លួនដូចជាក្រុមហ៊ុន QuaDream កំពុងរីកចម្រើនលឿន ហើយការលាតត្រដាងពួកគេជាសាធារណៈ គឺចាំបាច់ ដើម្បីបញ្ឈប់សកម្មភាពមួយនេះ ៕

