ឧត្តរមានជ័យ៖ ខណៈថ្ងៃបុណ្យចូលឆ្នាំជិតចូលមកដល់ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្នុង ប្រទេសថៃ បាននាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ ដើម្បីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
នៅឯច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកជាំសាងាំ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ជារៀងរាល់ថ្ងៃ រយៈពេលជិតពីរសប្ដាហ៍មកហើយ ដែលមានចំនួនរាប់ពាន់នាក់ ដើម្បីមកចូលរួមអបអរពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងត្រូវប្រារព្ធឡើងនៅចុងសប្ដាហ៍នេះ ។
លោក ឯម បញ្ជារិទ្ធ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ខណៈថ្ងៃបុណ្យចូលឆ្នាំកាន់តែខិតជិតមកដល់ ពលករខ្មែរធ្វើការនៅថៃ កាន់តែវិលត្រឡប់មកវិញដែរ គឺក្នុងមួយថ្ងៃ មានចំនួនមិនក្រោម ៥០០នាក់នោះទេ ។
ប្រជាពលតដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ បានសម្ដែងនូវក្ដីសប្បាយរីករាយ ដែលឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំត្រូវបានប្រារព្ធឡើងវិញ ក្រោមដំបូលសន្តិភាព និងការទប់ស្កាត់បាននូវជំងឺកូវីដ-១៩ ។
ប្រធានច្រកព្រំដែនអូរស្មាច់ លោក ឯម បញ្ជារិទ្ធ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ ដែលឈរជើងប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ បានជួយសម្រួលរាល់បញ្ហាប្រឈមផ្សេងៗ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ បានធ្វើដំណើរទៅលេងស្រុកបានឆាប់រហ័ស ៕អត្ថបទ៖ ឃិន សារិទ្ធ



