អូស្ត្រាលី ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលីលោកស្រី Penny Wong និយាយថា អូស្រ្តាលី បានឈានដល់កិច្ចព្រមព្រៀងជាមួយចិន ដើម្បីដោះស្រាយជម្លោះរបស់ពួកគេលើការនាំចូលគ្រាប់ធុញ្ញជាតិឬស្រូវbarley ដែលជាសញ្ញាចុងក្រោយមួយនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសដៃគូពាណិជ្ជកម្មទាំង ២ ។
គួរឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាន់តែធ្ងន់ធ្ងរទៅ ក្រោយអូស្រ្តាលី អំពាវនាវឲ្យមានការស៊ើបអង្កេតលើប្រភពដើមជំងឺ COVID-19ជាហេតុធ្វើឲ្យមានការសងសឹងពាណិជ្ជកម្មពីទីក្រុងប៉េកាំង ដែលរួមទាំងកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខូចថ្លៃ លើសា្រក្រហម និងគ្រាប់ធញ្ញជាតិអូស្រ្តាលី ។
ប៉ុន្តែភាពតានតឹងនេះ បានធូស្រាលវិញ ចាប់តាំងពីគណបក្សពលករឆ្វេងនិយមកណ្តាល បានឈ្នះឆ្នោតកាលពីឆ្នាំមុននៅអូស្ត្រាលី ។
លោកស្រី Wong បានជួបសមភាគីចិនលោក Wang Yi នៅទីក្រុងប៉េកាំង កាលពីខែធ្នូ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីអូស្រ្តាលី ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ ។
ការទិញធ្យូងថ្មអូស្រ្តាលីរបស់ចិន បានចាប់ផ្តើមឡើងវិញកាលពីខែមករា ក្រោយផ្អាកអស់រយៈពេលជិត៣ឆ្នាំ ហើយការនាំចូលសាច់គោ ត្រូវបានពន្លឿនផងដែរ ។
លោកស្រី Wong និយាយថា អូស្រ្តាលីនឹងផ្អាកបណ្តឹងរបស់ពួកគេនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO)ពាក់ព័ន្ធនឹងកាតព្វកិច្ចប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការរារាំងគ្រាប់ធញ្ញជាតិ ស្របពេលដែលចិននឹងពន្លឿនការពិនិត្យពន្ធឡើងវិញ ៕
