អាមេរិក ៖- យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ បានឲ្យដឹងថា កំណត់ត្រាអាកាសធាតុក្តៅថ្មី ត្រូវបានកំណត់នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៩៩ហ្វារិនហៃ(ស្មើនឹង ៣៧អង្សាសេ) ក្រោយម៉ោង ៤ល្ងាច ម៉ោងក្នុងស្រុក ។ សីតុណ្ហភាពខ្ពស់បំផុតលើកមុនដែលរកឃើញនៅថ្ងៃតែមួយ គឺ ៩៨ហ្វារិនហៃ កាលពីឆ្នាំ ១៩៨៩។
លោកស្រី Erinanne M. Saffelle គឺជាអាកាសធាតុវិទូរដ្ឋ Arizonaនិងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យរដ្ឋ Arizona និយាយថា បច្ចុប្បន្នរដ្ឋនេះ ស្ថិតនៅក្នុងរដូវអន្តរកាល មុនពេលវាផ្លាស់ទៅជារដូវក្តៅផ្លូវការ ។
លោកស្រីពន្យល់ថា ពេលដែលយើងស្ថិតនៅចន្លោះរដូវរងា និងរដូវក្តៅ ពួកយើងតែងតែជួបស្ថានភាពបែបនេះ គឺពិតជាក្តៅខ្លាំងណាស់ ។
លោកស្រី Saffelle និយាយថា លឿនបំផុតដែលទីក្រុង Phoenix ឃើញមានសីតុណ្ហភាព ១០០ហ្វារិនហៃ គឺនៅថ្ងៃទី ២៦ ខែមីនា ហើយតាមធម្មតា ពួកយើងក៏មានសីតុណ្ហភាព ១០០ហ្វារេនហៃដែរ នៅថ្ងៃទី ២ ខែឧសភា ។
ក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការសន្និដ្ឋានថា ពិភពលោកកាន់តែក្តៅខ្លាំងជាងមុន ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ជាហេតុធ្វើឲ្យកើតមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ព្យុះ និងភ្លើងឆេះព្រៃ នៅជុំវិញសកលលោក ៕


