ចិន ៖ រយៈពេលប៉ុន្មានថ្ងៃក្រោយធ្វើជាអន្តរការីផ្សះផ្សារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីចិនលោក Xi Jinping បានសរសេរកំណត់ហេតុដ៏ជោគជ័យមួយ ។
លោក Xi និយាយប្រាប់អង្គនីតិបញ្ញត្តិប្រថាប់ត្រាកាលពីថ្ងៃចន្ទថា ចិនគួរតែចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកលលោក និងបន្ថែមស្ថិរភាព និងថាមពលវិជ្ជមានច្រើនជាងនេះដល់សន្តិភាពពិភពលោក ។
សមិទ្ធផលរបស់លោក Xi គឺបញ្ចុះបញ្ចូលឲ្យទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ ចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ក្រោយជាប់គាំងអស់រយៈពេលជិត ៧ឆ្នាំ គឺជាការផ្លាស់ប្តូរមួយធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើននៅទូទាំងតំបន់មជ្ឈិមបូព៌ា និងនៅសហរដ្ឋអាមេរិក ។
ក្រុមអ្នកជំនាញចិន យល់ឃើញថា ភាពធូរស្រាលរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត គឺជាចំណុចផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ចិន ។
លោក Fan Hongda គឺជាសាស្រ្តាចារ្យនៅវិទ្យាស្ថានសិក្សាតំបន់មជ្ឈិមបូព៌ានៃសាកលវិទ្យាល័យសិក្សាអន្តរជាតិក្រុងសៀងហៃ និយាយថា បើសិនជាកិច្ចព្រមព្រៀងដែលរួមទាំងការចាប់ផ្តើមឡើងវិញកិច្ចព្រមព្រៀងសន្តិសុខ និងសេដ្ឋកិច្ចទ្វេភាគី ត្រូវបានអនុម័តទៅយ៉ាងរលូនពិតមែន តំបន់នឹងមានការរំពឹងខ្ពស់ជាងមុនលើចិន ហើយជំនឿចិត្តរបស់ចិន ដែលពួកគេអាចប្រឈមនឹងការរំពឹងទុកទាំងនេះ នឹងកើនឡើង ។
មហិច្ឆតាបែបនេះ នឹងតំណាងឲ្យការផ្លាស់ប្តូរដ៏គួរឲ្យចាប់អារម្មណ៍មួយ ។ ទីក្រុងប៉េកាំង បានដើរតួជាប្រទេសដៃគូសេដ្ឋកិច្ចជាចម្បងនៅតំបន់មជ្ឈិមបូព៌ា ។ ការផ្គត់ផ្គង់ថាមពលរបស់ពួកគេបានកើនពី ៣ភាគរយ នៃការនាំចេញប្រេងរបស់តំបន់មួយនេះ ឡើងដល់ ៣០ភាគរយ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ ហើយពួកគេ ក៏ជាប្រទេសទិញប្រេងឆៅធំបំផុតរបស់អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ផងដែរ ៕

