ភ្នំពេញ ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបន្តហាមពលរដ្ឋកុំទិញថ្នាំ ដោយគ្មានវេជ្ជបញ្ជា។ នេះជាជំហានមួយដ៏សំខាន់ណាស់ បើមិនដូច្នេះទេ យើងយកឱសថនោះមកប្រើបា្រស់ខ្លួនឯង គឺមិនត្រូវ ម្យ៉ាងទៀត វាស៊ាំ នឹងថ្នាំនោះ ដែលយើងទៅទិញខ្លួនឯង ដោយគ្មានវេជ្ជបញ្ជា ។
ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ពិសេសអ្នកលក់ឱសថនៅ ហ្វាម៉ាស៊ី ក៏មិនគួរផ្តល់ឱសថ ដែលមានអង់ទីប៊ីយ៉ូទិច សំលាប់មេរោគ ដោយមិនមានវេជ្ជបញ្ជានោះទេ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង ការប្រយុទ្ធប្រឆាំងទៅនឹងភាពស៊ាំរបស់ឱសថប្រឆាំង មេរោគតាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូពាក់ព័ន្ធ, នាព្រឹកថ្ងៃទី២៣ កញ្ញានេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការវិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល សម្រេចបានជោគជ័យសំខាន់ៗ ជាច្រើន។ ជាក់ស្តែងយើងសម្រេចបានគោលដៅអភិវឌ្ឍន៍ សហស្សវត្ស ក្នុងការកាត់បន្ថយអត្រាមរណៈមាតា ទារក និងកុមារ ការកាត់បន្ថយការឈឺ និងស្លាប់ ដោយសារជំងឺឆ្លងនានា ដោយមានការទទួលស្គាល់ នៅថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។
បើតាមឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថា យោងតាមកិច្ចខិតខំប្រឹងប្រែងនេះ សាកលវិទ្យាល័យ បានចុះអនុស្សារណៈយោគយល់ជាមួយដៃគូរជាតិ និងអន្តរជាតិ ជាច្រើន ក្នុងកិច្ចសហប្រតិបតិ្តការស្រាវជ្រាវរួមគ្នា ដែលក្នុងនោះ សាកលវិទ្យាល័យ បានសហការជាមួយ London School of Hygiene and tropical medicine របស់ចក្រភពអង់គ្លេស ក្នុងការរៀបចំនូវគម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះឡើង។




