
អន្ដរជាតិ៖ សាកសពជនជាតិហ្គាតេម៉ាឡាចំនួន ១៧នាក់ ដែលបានសម្លាប់ក្នុងកំឡុងអគ្គិភ័យឆាបឆេះមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ក្នុងប្រទេសម៉ិកស៊ិក ត្រូវបានបញ្ចូនទៅកាន់ស្រុកកំណើតដើម្បីបញ្ចុះកាលពីថ្ងៃអង្គារ (១១មេសា)។
យន្តហោះកងទ័ពអាកាសម៉ិកស៊ិកបានចុះចតនៅទីក្រុង Guatemala ជាមួយនឹងសាកសពមនុស្ស ១៧នាក់ ក្នុងចំណោមជនអន្តោប្រវេសន៍ ៤០នាក់។ ពួកគេបានស្លាប់ក្នុងភ្លើងឆេះនៅមណ្ឌលជនអន្តោប្រវេសន៍ក្នុងទីក្រុងជាប់ព្រំដែន Ciudad Juarez កាលពីថ្ងៃទី២៨ ខែមីនា។
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ទាំងនោះ មិនអាចរត់គេចពីភ្លើងបានដោយសារពួកគេរកអ្នកកាន់កូនសោរបន្ទប់មិនឃើញ។
ការិយាល័យអគ្គមេធាវីបាននិយាយកាលពីថ្ងៃអង្គារផងដែរថា ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិក បានចាប់ផ្តើមដំណើរការបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមមន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់។
លោក Francisco Garduno ប្រធានវិទ្យាស្ថានចំណាកស្រុកជាតិរបស់ប្រទេសម៉ិកស៊ិក និងអ្នកតំណាងជាន់ខ្ពស់របស់ទីភ្នាក់ងារនៅរដ្ឋ Chihuahua ភាគខាងជើងជាទីដែលអគ្គីភ័យ បានកើតឡើង លោកSalvador Gonzalez បាននិយាយអំពីប្រភពចំនួនពីរដែលពាក់ព័ន្ធនឹងករណីនេះ។ មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឧប្បត្តិហេតុនោះ រួមមានក្រុមភ្នាក់ងារ INM និងសន្តិសុខឯកជនម្នាក់។
