ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសលទ្ធផលការងារក្នុងវិស័យអប់រំដែលក្រសួងសម្រេចបានរយៈពេល ១០ កន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលសន្និសីទវិទ្យាបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារអប់រំ អភិវឌ្ឍយុវជន និងការអប់រំ កាយ និងកីឡា ដែលក្រសួងអប់រំសម្រេចបានក្នុងរយៈពេល ១០ កន្លងមកនេះ តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពដែលក្រសួងអប់រំសម្រេចបាន ក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុចសម្រាប់ទិសដៅការងារនាពេលខាងមុខឱ្យកាន់តែស៊ីជម្រៅស្របតាមស្ថានការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
សូមជម្រាបថា រយៈពេល ១០ ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យគត់សម្គាល់ដូចជា ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត។ ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា។ ការដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ១៩ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារក្រីក្រជាដើម៕ អត្ថបទ៖វ៉ន ដារ៉ា