
អន្ដរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃពុធ ទី១២ ខែមេសានេះ បាននិយាយថា លោកពុំបានដឹងពីផែនការណាមួយ ពាក់ព័ន្ធនឹងការបិទដែនអាកាសភាគភាគខាងជើងកោះតៃវ៉ាន់នោះទេ បន្ទាប់ពីមានការអត្ថាធិប្បាយពីរដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ដែលថា ទីក្រុងប៉េកាំងនឹងដាក់«តំបន់គ្មានការហោះហើរ» នៅសប្តាហ៍ក្រោយ ក្នុងពេលមានសមយុទ្ធយោធាដ៏ខ្លាំងក្លា។ មន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា «តំបន់គ្មានការហោះហើរ» នឹងដាក់នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ មានចម្ងាយប្រមាណ ៨៥ម៉ាយនៅសមុទ្រ (១៥៧.៤២ គីឡូម៉ែត្រ) ភាគខាងជើងឆ្នេរសមុទ្ររបស់ខ្លួន ជាសកម្មភាបមួយដែលអាចប៉ះពាល់ដល់ជើងហោះហើរនៅជុំវិញតំបន់។
មន្ត្រីនៅកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង បាននិយាយថា «តំបន់គ្មានការហោះហើរ» នឹងមានរយៈពេលប្រហែលកន្លះម៉ោងនៅសប្តាហ៍ក្រោយ ដែលថយចុះកាលពីពីថ្ងៃដំបូងដែលបានប្រកាសថាមានរយៈពេលបីថ្ងៃ។
ទោះបីជាប្រទេសចិន ពុំទាន់បានឆ្លើយតបជាផ្លូវការចំពោះរបាយការណ៍ណាមួយក៏ដោយ ក៏ប្រទេសជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងបានជូនដំណឹងអំពីតំបន់គ្មានការហោះហើរនៅជិតកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមេសា ដោយនិយាយថា វាទាក់ទងទៅនឹងសកម្មភាពដែនអាកាស។ ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់ ក្រោយមកបាននិយាយថា ប្រទេសចិនបានកែប្រែរយៈពេលនៃតំបន់នេះមកត្រឹម ២៧ នាទីនៅថ្ងៃអាទិត្យ ទី១៦ ខែមេស បន្ទាប់ពីការតវ៉ាមួយ។ ប្រទេសចិន ដែលអះអាងសិទ្ធថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះនេះ កាលពីថ្ងៃសៅរ៍ ទី៨ ខែមេសា មួយថ្ងៃបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen វិលត្រឡប់មកពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រីបានជួបជាមួយប្រធានសភា លោក Kevin McCarthy ។
