ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តអភិវឌ្ឍដល់ការអប់រំបែបឌីជីថល ដោយបំពាក់នូវសម្ភារបច្ចេកវិទ្យានៅតាមសាលារៀន ដើម្បីជំនួយដល់ការរៀន និងបង្រៀនរបស់សិស្ស និងផ្សព្វផ្សាយវេទិការអប់រំឌីជីថលឱ្យបានទូលំទូលាយផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣របស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលសន្និសីទវិទ្យាបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។
សម្តេចតេជោបានមានប្រសាសន៍ថាដើម្បីលើកទឹកចិត្ត លើកកម្ពស់វិស័យអប់រំនៅកម្ពុជាសម្ដេចបានជំរុញដល់ក្រសួងអប់រំត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើប និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។ សម្ដេចតេជោបាន ក៏បានជំរុញឱ្យក្រសួងអប់រំបន្តខិតខំផ្ដល់សេវាអប់រំដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ជាពិសេសខិតខំរិះរកវិធានការណ៍ដែលកាន់តែមានប្រសិទ្ធភាពដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលមានមោទនភាពខ្ពស់ ចំពោះការបោះជំហានឆ្ពោះទៅមុខជានិច្ច នៃវិស័យអប់រំ យុវជន និង កីឡា ដែលបាននិងកំពុងឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងតម្រូវការនៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាបច្ចុប្បន្ន និងអនាគត។
ទោះបីជាវិស័យនេះស្ថិតក្នុង ចំណោមវិស័យ ដែលបានទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី, ក៏រាជរដ្ឋាភិបាល, ដែលមានក្រសួងអប់រំ ជាសេនាធិការ, បានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញនូវអភិក្រម «គន្លង ប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ» ដែលមានសារៈសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសវាអប់រំតាមបែបថ្មី, ទំនើប, និងមានគុណភាពខ្ពស់, ពិសេសក្នុងបរិបទនៃការកើនឡើងយ៉ាងរហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអ៊ីនធើណែត៕
អត្ថបទ៖ វ៉ន ដារ៉