ភ្នំពេញ៖ ម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ បានត្រៀមលក្ខណៈរួចជាស្រាច់ លើការរៀបចំសាឡាង និងកាណូត សម្រាប់ដឹកអ្នកដំណើរ ជាពិសេសការរៀបចំសន្តិសុខសណ្ឋាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ដើម្បីចៀសវាងការកក់ស្ទះ, ការបង្ករអសន្តិសុខដោយប្រការណាមួយ, និងមិនមានការឡើងថ្លៃជាដើម។
លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន អំពីការរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនអ្នកធ្វើដំណើរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសជាងមួយឆ្នាំកន្លងមកនេះ ឃើញថា ប្រជាពលរដ្ឋបានដើរហើរ គ្រប់ច្រកល្ហកឡើងវិញ ជាពិសេសការធ្វើដំណើរឆ្លងកាត់តាមកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ក៏មានចំនួនច្រើន ដូចនៅមុនវិបត្តិកូវីដ ១៩ ដើម្បីចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅស្រុកកំណើតរបស់ពួកគាត់ នៅតាមភូមិ ឃុំ ស្រុក ខេត្តនានា ។
លោក បន្តលើកឡើងថា ចំណែកនៅឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ និងរហូតដល់ ប្រជាពលរដ្ឋវិលត្រឡប់មកវិញ ក៏ដូចការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ, អ្នកគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានត្រៀមលក្ខណៈរួចជាស្រាច់ អំពីការរៀបចំសន្តិសុខសណ្ឋាប់ធ្នាប់ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋដូចជា ការរៀបចំឧបករណ៍ការពារសុវត្ថិភាពនៅតាមសាឡាងនីមួយៗដូចជា ពោងសុវត្ថិភាព និងការរៀបចំកំលាំងសន្តិសុខជាដើម ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ ដែលឆ្លងកាត់តាមកំពង់ចម្លងភ្នំពេញ-អរិយក្សត្រនេះ, ជាពិសេសចៀសវាងការកក់ស្ទះ ឬការបង្ករអសន្តិសុខដោយប្រការណាមួយ នៅក្នុងការធ្វើដំណើររបស់ពួកគាត់។លោក រឿង កែវធនវុឌ្ឍិ បានបញ្ជាក់ថា ចំណែកនៅក្នុងឆ្នាំនេះ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មានសាឡាង និងកាណូតសម្រាប់ដឹកអ្នកដំណើរសរុបទាំងអស់ចំនួន ១៦គ្រឿង ក្នុងនោះភ្នំពេញ- អរិយក្សត្រ មានកាណូតចំនួន ១១ គ្រឿង, ភ្នំពេញ-ជ្រោយចង្វារ មានកាណូតចំនួន ២គ្រឿង និងកំពង់ចម្លងកោះពេជ្រ-កោះនរា មានសាឡាងចំនួន ៣ គ្រឿង ដែលកំពង់ចម្លងទាំង ៣ នេះ ជារៀងរាល់ថ្ងៃចាប់បើកពីម៉ោង ៤ព្រឹក រហូត ១០យប់ ក្នុងនោះចំពោះអ្នកធ្វើដំណើរ ដែលបានឆ្លងកាត់តាមកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មិនថាថ្ងៃធម្មតា ឬថ្ងៃបុណ្យទាននោះឡើយ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រមិនមានការឡើងថ្លៃ ឬការយកតម្លៃសេវាខុសពីថ្ងៃធម្មតា ពោល គឺអនុវត្តន៍តាមសៀវភៅបន្ទុករបស់ក្រសួង-ស្ថាប័នដាក់ជូន ក្រៅពីនេះកំពង់ចម្លងមានភាពអនុគ្រោះដល់អ្នកធ្វើដំណើរផ្សេងៗទៀតដូចជា ប្រជាពលរដ្ឋឆ្លងទៅមករៀងរាល់ថ្ងៃ, សិស្សនិស្សិត, ស្រ្តីមានផ្ទៃពោះ ឬអ្នកជំងឺជាដើម៕ អត្ថបទ៖ សុន រ៉ាឌី