ប្រជាពលរដ្ឋយ៉េម៉ែន បានសម្តែងសុទិដ្ឋិនិយមចំពោះសន្តិភាពយូរអង្វែង ខណៈកិច្ចពិភាក្សាដោយផ្ទាល់ជាប្រវត្ដិសាស្រ្ដរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងក្រុមជីវពលហ៊ូទីយ៉េម៉ែន បានចាប់ផ្ដើមឡើង នៅក្នុងរដ្ឋធានីក្នុងប្រទេសយ៉េម៉ែននោះ។

ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីត លោកម៉ូហាមេត ប៊ីន សាអ៊ីត អាល់ ចាប៊ើ បាននិងកំពុងពិភាក្សាជាមួយក្រុមមេដឹកនាំជាន់ខ្ពស់ហ៊ូទីក្នុងក្រុងសាណា តាំងពីថ្ងៃអាទិត្យមុន ជាមួយវត្ដមានរបស់គណៈប្រតិភូមកពីប្រទេសអូម៉ង់។
ភាគីទាំងពីរ បាននិងកំពុងស្វះស្វែងរកដំណោះស្រាយប្រកបដោយការយោគយល់ ដើម្បីសម្រួលឲ្យមានការដោះដូរអ្នកទោស និងឈានដល់កិច្ចព្រមព្រៀងក្នុងបំណងឈានទៅរកបទឈប់បាញ់ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសយ៉េម៉ែន ក្រោយជម្លោះរយៈពេលជាង៨ឆ្នាំមក។
អ្នកស្រុកមួយចំនួនក្នុងប្រទេសនេះ បានសម្តែងការអរគុណប្រទេសចិនដែលព្យាយាមសម្របសម្រួលជំរុញឲ្យមានកិច្ចពិភាក្សាសន្ដិភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
ជម្លោះក្នុងប្រទេសយ៉េម៉ែន បានផ្ទុះឡើងកាលពីឆ្នាំ២០១៤ នៅពេលក្រុមេជីវពលហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានដណ្តើមគ្រប់គ្រងក្រុងមួយចំនួននៅភាគខាងជើងនិងបានបណ្តេញរដ្ឋាភិបាលយ៉េម៉ែន ដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតចេញពីរដ្ឋធានីសាណា។

សង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែន បានសម្លាប់មនុស្សអស់រាប់ម៉ីននាក់ មនុស្ស៤លាននាក់ភៀសខ្លួនចេញពីលំនៅឋាន និងបានរុញច្រានប្រទេសនេះធ្លាក់ចូលមានជ្រោះនៃគ្រោះអត់ឃ្លាន។កាលពីអតីតកាល អង្គការសហប្រជាជាតិបានព្យាយាមធ្វើជាអ្នកសម្របសម្រួលរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះនេះ។ ប៉ុន្ដែការព្យាយាមនេះ បានទទួលបរាជ័យ ដោយសារតែខ្វះការជឿទុកចិត្ដគ្នារវាងភាគីជម្លោះនេះ៕