សកម្មជនរាប់រយនាក់ បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអង្គារ នៅខាងមុខទីបញ្ជាការកងទ័ពហ្វីលីពីន ក្នុងក្រុងកេហ្សូន(Quezon City) ដែលស្ថិតនៅជាយរដ្ឋធានីម៉ានីលដើម្បីតវ៉ានឹងសមយុទ្ធយោធារួមជាបន្ដបន្ទាប់រវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមធ្វើនៅថ្ងៃតែមួយ។

ទាហានហ្វីលីពីនជាង៥,000នាក់ និងទាហានអាមេរិក១២,000នាក់ នឹងចូលរួមធ្វើសមយុទ្ធជាមួយគ្នារយៈពេល១៨ថ្ងៃ មានឈ្មោះថា បាលីកាតាន់២០២៣ ជាសមយុទ្ធរួមដ៏ធំបំផុតរវាងហ្វីលីពីននិងអាមេរិក ដែលធ្លាប់ត្រូវបានធ្វើឡើងជាច្រើនទសវត្សរ៍មកហើយ។
សមាជិកប្រហែលជា១០០នាក់មកពីកងកម្លាំងប្រដាប់អាវុធរបស់អូស្រ្ដាលី នឹងចូលរួមនៅក្នុងសមយុទ្ធនេះ ខណៈ១២ប្រទេសទៀត រួមមានជប៉ុន និងប្រទេសអង់គ្លេស ក៏បានចូលរួមផងដែរក្នុងនាមជាអ្នកសង្កេតការណ៍។
ក្រុមអ្នកតវ៉ា បានប្រឆាំងនឹងសមយុទ្ធនេះ និងបានទទូចឲ្យជនជាតិហ្វីលីពីន ចូលរួមប្រឆាំងនឹងសកម្មភាពរបស់អាមេរិក នៅក្នុងតំបន់អាស៊ី។ ដោយឡែក អ្នកតវ៉ាភាគច្រើន បានកាន់បដា ដែលសសេរទាមទារឲ្យអាមេរិកដកទ័ពចេញពីឥឡូវនេះទៅ។
បាតុកម្មក៏បានប្រឆាំងនឹងការបើកមូលដ្ឋានយោធាថ្មីចំនួន៤កន្លែង ដែលនឹងត្រូវប្រើប្រាស់ដោយកងទ័ពអាមេរិក ដោយស្ថិតនៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្ដការ និងវិស័យការពារជាតិ៕