យោងតាមការលាតត្រដាងនាពេលថ្មីៗនេះនៅក្នុងឯកសារបែកធ្លាយសម្ងាត់បំផុតនៅលើបណ្តាញ អ៊ីនធឺណិត បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មានឆន្ទៈខ្លាំងដើម្បីសម្របសម្រួលដល់ផលប្រយោជន៍របស់ប្រទេសរុស្ស៊ី។

ឯកសារនេះបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន កំពុងតាមដានយ៉ាងដិតដល់ចំពោះលោក Antonio Guterres។ ឯកសារជាច្រើនបាននិយាយអំពីទំនាក់ទំនងឯកជនដែលពាក់ព័ន្ធជាមួយលោក Guterres និងអនុប្រធានរបស់លោក។ វាជាព័ត៌មានចុងក្រោយបំផុតពីការបែកធ្លាយឯកសារសម្ងាត់ ដែលមន្ត្រីអាមេរិកកំពុងស្វែងរកដើម្បីឈានដល់ចំណុចនៃប្រភពបែកធ្លាយ។

ឯកសារទាំងនេះ មានការអង្កេតដោយចំៗពីលោក Guterres អំពីសង្គ្រាមនៅអ៊ុយក្រែន និងមេដឹកនាំអាហ្វ្រិកមួយចំនួន។ ឯកសារបែកធ្លាយមួយ បានផ្តោតលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគីកាលពីខែកក្កដា បន្ទាប់ពីមានការព្រួយបារម្ភពីវិបត្តិស្បៀងអាហារពិភពលោក។ វាបង្ហាញថា លោក Guterres មានបំណងរក្សាកិច្ចព្រមព្រៀងដែលលោកមានឆន្ទៈក្នុងការសម្របសម្រួលផលប្រយោជន៍របស់រុស្ស៊ី។
ឯកសារនេះបាននិយាយថា លោក Guterres បានបញ្ជាក់លើកិច្ចខិតខំរបស់លោកក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនាំចេញរបស់រុស្ស៊ី ទោះបីជាវាពាក់ព័ន្ធនឹងអង្គភាព ឬបុគ្គលរុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្មក៏ដោយ។
យោងទៅតាមការវាយតម្លៃ សកម្មភាពរបស់លោកកាលពីខែកុម្ភៈ ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីឱ្យទីក្រុងមូស្គូទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។ ដោយនិយាយថាលោកនឹងមិនធ្វើអត្ថាធិប្បាយលើឯកសារបែកធ្លាយនោះទេ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា អង្គការសហប្រជាជាតិ ត្រូវបានជំរុញដោយចាំបាច់ត្រូវសម្រាលផលប៉ះពាល់សង្គ្រាមមកលើប្រទេសក្រីក្របំផុតរបស់ពិភពលោក។
លោកនិយាយថា នោះមានន័យថាធ្វើអ្វីដែលយើងអាចធ្វើទៅបានដើម្បីជំរុញតម្លៃស្បៀងអាហារនិងដើម្បីធានាបានថាជី អាចដឹកចូលដល់ប្រទេសនានា ដែលកំពុងត្រូវការបំផុត៕