យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកចូលទៅសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្តេជ្ញាថានឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោកតាមវិធីជាក់ស្តែង និងវាយលុកបន្ថែមទៀត។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីល បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ដូចជាថាតើមីស៊ីលហោះបានចម្ងាយប៉ុន្មាន និងអាវុធប្រភេទអ្វីដែលប្រទេសកូរ៉េខាងជើងបានបាញ់ពិតប្រាកដ។
ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន បានព្រមានដល់ពលរដ្ឋនៅចុងភាគខាងជើងនៃកោះហុកកៃដូរបស់ខ្លួន ឱ្យស្វែងរកទីជម្រកភ្លាមៗនៅខាងក្នុងអគាររឹងមាំឬក្រោមដី។ ការិយាល័យបាននិយាយថា មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងធ្លាក់នៅជិតកោះហុកកៃដូនៅម៉ោងប្រហែល 8 ព្រឹក ម៉ោងក្នុងតំបន់។ វាជាការបាញ់មីស៊ីលចុងក្រោយបំផុតដែលប្រទេសកូរ៉េខាងជើង បានបាញ់នៅក្នុងឆ្នាំនេះ ដើម្បីប្រឆាំង សមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូង-អាមេរិក ដែលខ្លួនចាត់ទុកថាជាការហាត់សមសម្រាប់ការឈ្លានពាន។
ក្នុងអំឡុងពេលកិច្ចប្រជុំយោធាកាលពីថ្ងៃច័ន្ទ លោក គីម បានពិនិត្យមើលឡើងវិញផែនការវាយប្រហារខ្សែត្រៀមជួរមុខរបស់ប្រទេស និងឯកសារប្រយុទ្ធជាច្រើន ហើយបានបញ្ជាក់លើតម្រូវការដើម្បីគាំទ្រចំពោះការរារាំងនុយក្លេអ៊ែររបស់លោកដោយការបង្កើនល្បឿនលើលក្ខណៈជាក់ស្តែង និងវាយលុក។
សារព័ត៌មាន KCNA បានរាយការណ៍ថា កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាដែលមិនបានបញ្ជាក់ទាក់ទងនឹងការពង្រឹងសមត្ថភាពការពារជាតិ និងការរៀបចំសង្រ្គាមដ៏ល្អ ដើម្បីទប់ទល់ការគំរាមកំហែងដែលបង្កឡើងដោយសមយុទ្ធយោធារបស់គូប្រជែងខ្លួន។
ប្រទេសកូរ៉េខាងជើងបានអះអាងជាយូរមកហើយថា សមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកក្នុងតំបន់គឺជាភស្តុតាងនៃអរិភាពរបស់ក្រុងវ៉ាស៊ីនតោនមកលើទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើង បាននិយាយថា ខ្លួនត្រូវបង្ខំឱ្យផលិតអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់ ការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក ទោះបីជាមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយយ៉ាងខ្ជាប់ខ្ជួនថា ពួកគេពុំមានចេតនាឈ្លានពានកូរ៉េខាងជើងក៏ដោយ។