ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកស្អែកនេះ គេឃើញថាអាជីវកម្មមួយចំនួននៅរាជធានីភ្នំពេញ នឹងឈប់សម្រាកដើម្បីចូលរួមឆ្នាំថ្មី ដើរកម្សាន្ត ខណៈអាជីវកម្មមួយចំនួនផ្សេងទៀត នៅតែបន្តបើកលក់ជាធម្មតា ។
ជារៀងរាល់ឆ្នាំ រាល់ពិធីបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស និងមួយចំនួនផ្សេងទៀតបន្តស្នាក់នៅភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះ និងខ្លះទៀតបន្តបើកអាជីវកម្មធម្មតា។
អ្នកស្រី អមរា ម្ចាស់អាហារដ្ឋាន កាំពីតូល និងកញ្ញា រ៉េត មុន្នីរ័ត្ន អ្នកគ្រប់គ្រងនៅក្នុងហាងកាហ្វេ អាហ្រ្វិកកា (AFRICA) ស្ថិតនៅក្បែរសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងអំឡុងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរនេះ ពួកគាត់មិនមានគម្រោងដើរកម្សាន្តនៅទីណាទេ។
ដោយឡែក លោក គីម ឡុង អ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន Tonight បានឲ្យដឹងដែរថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហាងលោកនឹងឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ទើបចាប់ផ្តើមបើកលក់ធម្មតាវិញ ដោយសារជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរដែលតម្រូវឲ្យក្រុមការងារ និងបុគ្គលិកទាំងអស់បានឈប់សម្រាក ដើម្បីជួបជុំក្រុមគ្រួសារ និងខ្លះទៀតបានទៅស្រុកកំណើត។
សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានសង្កេតឃើញនៅតាមបណ្តាផ្សាររដ្ឋ ឯកជន និងបណ្តាហាងនានាក្នុងរាជធានីភ្នំពេញ បានបិទទ្វារបណ្តើរៗហើយ ដើម្បីត្រៀមចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា៕








