ភ្នំពេញ៖ នៅមុនមួយថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ ព.ស ២៥៦៧ ពលរដ្ឋក្រុងតាខ្មៅខេត្តកណ្តាល បានចាប់ផ្តើមរៀបចំសំអាតផ្ទះសំបែង ទិញផ្លែឈើ ផ្កាភ្ញី ធូបទៀន រៀបចំរានរណ្តាប់ទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសាស្អែកនេះ វេលាម៉ោង៤លា្ងច។
ពលរដ្ឋក្រុងតាខ្មៅថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះ ថា នៅថ្ងៃនេះ គេបាននាំគ្នាផ្សារច្រើនកុះករ ទិញរបស់របរផ្លែឈើ នំ ផ្កា រៀបចំបាយសី និងរៀបចំបោសសំអាតផ្ទះ រៀបចំគ្រឿងរណ្តាប់ទទួលទេវតាថ្មី ហើយពលរដ្ឋខ្លះទៀត មានរៀបចំទីតាំង រៀបឆាកសង្ក្រាន្តឆ្នាំថ្មី ដើម្បីលេងល្បែងកម្សាន្ត រាំ ច្រៀងជុំគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងអំឡុងពេលនេះ ដែរ នៅតាមកេហដ្ឋានខ្លះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តលើករាសី និងខ្លះទៀតរៀបចំពិធីស្រង់ព្រះ ជូនឳពុកម្តាយរបស់ពួកគាត់ ស្រោចទឹកមន្តរំដោះគ្រោះឧបទ្រុឌនានា និងសុំសេរីសួស្តីឆ្នាំថ្មីផងដែរ។
បើតាមសៀវភៅមហាសង្ក្រាន្ត នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ តាមផ្ទះនីមួយៗ គឺមានរៀបរណ្តាប់ទទួលទេវតារៀងៗខ្លួន។ បើតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ចំពោះរណ្តាប់ទទួលទេវតា គឺត្រូវរៀបរានមួយនៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
គួរបញ្ជាក់ថា ចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ គឺជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក៕ អត្ថបទ ស៊ុម សុខជា