បាល់ទះ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសផ្ដល់សេចក្ដីទុកចិត្តដល់បុរសជនជាតិចិនលោក Li Jun បន្ដធ្វើជាគ្រូបង្វឹករបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីត្រៀមដឹកនាំក្រុមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ នេះ។
សហព័ន្ធបានប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី៣ ខែឧសភាថា លោក Li Jun នឹងបន្ដដឹកនាំក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដើម្បីត្រៀមស៊ីហ្គេមនៅវៀតណាម ប៉ុន្តែសមាសភាពកីឡាករដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ សហព័ន្ធនៅមិនទាន់បង្ហាញនោះទេ។ លោក Li Jun ត្រូវបានសហព័ន្ធប្រកាសចុះកុងត្រាដឹកនាំ ក្រុមជម្រើសជាតិកម្ពុជាតាំងពីខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានការយល់ព្រមពីមជ្ឈមណ្ឌល គ្រប់គ្រងកីឡាបាល់ទះនៃមន្ទីរកីឡាខេត្តហ្វូជាន ក្រោមកិច្ចសន្យារយៈពេល ៥ឆ្នាំដើម្បីជួយបណ្ដុះបណ្ដាលវិស័យកីឡាបាល់ទះកម្ពុជា ឲ្យមានសក្ដានុពលលើឆាកអន្តរជាតិ ពិសេសដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ លោក Li Jun បានព្យាយាមបណ្ដុះបណ្ដាលយុវជន និងចម្រាញ់កីឡាករឆ្នើមៗជាច្រើន ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ជាក់ស្ដែងលោកធ្លាប់ដឹកនាំក្រុមទៅបោះជំរំហ្វឹកហាត់នៅចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩ ខណៈពេលនោះក្រុមបាល់ទះកម្ពុជាបានឈរលេខ៣ ក្នុងពូល B ក្រោយយកឈ្នះវៀតណាម ៣-២សិតទៀតផង៕
អត្ថបទ៖ លី ឈុនឡា