ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលចូលជាតិបានប្រមាណ ៥៦៤លានដុល្លារ ក្នុងត្រីទី១នៃឆ្នាំ២០២៣ ធ្លាក់ចុះជាង៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។
តួលេខចំណូលគយនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១ មេសា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករ។
ឯកឧត្តម លើកឡើងថា លទ្ធផលដែលសម្រេចបាននេះ គឺស្មើ២០,៥ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
របាយការណ៍ដែលបង្ហាញថា ក្នុងចំណោមចំណូលគយសរុប ៥៦៤,១លានដុល្លារ គឺមាន ៩៤៩,៨ពាន់លានរៀល បានពីអាករលើតម្លៃបន្ថែម ។
អាករពិសេសមាន ៧៥២,២ ពាន់លានរៀល, ពន្ធគយមាន៤៥៩,៥ ពាន់លានរៀល, អាករបន្ថែមលើផលិតផលប្រេងមាន៨៧,៦ពាន់លានរៀល និងអាករនាំចេញនិងកម្រៃផ្សេងៗមាន៥៣,៨ពាន់លានរៀល ។
ការប្រមូលពីពន្ធ យានយន្ត និងគ្រឿងចក្រមានចំនួន ៨៣៥,៦ពាន់លានរៀល ទំនិញចម្រុះមានចំនួន ៧៥៧,២ពាន់លានរៀល , តេលសិលាមានចំនួន ៥៥៣,៥ពាន់លានរៀល, គ្រឿងសំណង់ និងកម្រៃផ្សេងៗមាន១៥៦,៦ ពាន់លានរៀល។
កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារ កើនឡើង ១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ វណ្ណៈ

