ភ្នំពេញ៖ វត្តអារាមនានា បានរៀបចំរួចរាល់ ដើម្បីត្រៀមសម្រាប់ទទួលស្វាគមន៍ប្រជាពុទ្ធបរិស័ទ មកសន្សំបុណ្យ និងកម្សាន្តល្បែងប្រជាប្រិយខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣។
ជាក់ស្តែងវត្តព្រែកប្រា បានរៀបចំរួចរាល់ទីតាំងទទួលពុទ្ធបរិស័ទ និងទីតាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ជូនប្រជាពុទ្ធបរិស័ទដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផង និងមកពីបណ្តាខេត្តផ្សេងៗផង ដែលនឹងចូលមកដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ជាមួយគ្នានោះដែរ ព្រះគ្រូពោធិមុនី ពេជ្រ សុធន ព្រះចៅអធិការវត្តព្រែកប្រា បានមានព្រះថេរដិកា ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះថា រហូតមកដល់ពេលនេះ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានណែនាំអំពីការរៀបចំបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺវត្តព្រែកប្រា បានរៀបចំចាត់ចែងរួចរាល់អស់ទៅហើយ។ ជាពិសេសក្នុងមហាសង្រ្កាន្ត មានអត្ថន័យណែនាំថា ឲ្យប្រជាពុទ្ធបរិស័ទទាំងអស់ ធ្វើទាន រក្សាសីល ចម្រើនមេត្តា ភាវនា ជាចំនុចសំខាន់ណាស់។ ក្នុងមួយឆ្នាំជួនកាលយើងរវល់កិច្ចការងារ និងប្រកបអាជីវកម្មផ្សេងៗច្រើន ធ្វើឲ្យភ្លេចនូវអំពើជាកុសល។ ដូច្នេះក្នុងថ្ងៃបុណ្យចូលឆ្នាំ មានឱកាសធ្វើទាន ចែករំលែកដល់ព្រះសង្ឃ ដល់មាតា បិតា និងជនក្រីក្រ ហើយរក្សាសីល ដើម្បីឲ្យខ្លួនទទួលបានសេចកី្តសុខ សេចកី្តចម្រើន ហើយមនុស្សទូទៅក៏បានសេចកី្តផងដែរ។
នាឱកាសឆ្នាំថ្មី ព្រះគ្រូពោធិមុនី ពេជ្រ សុធន ព្រះចៅអធិការវត្តព្រែកប្រា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងទេវតាឆ្នាំថ្មីនេះ ជួយប្រសិទិ្ធពរជ័យបវរមហាប្រសើរជូនដល់ប្រមុខដឹកនាំទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលលោកបានដឹកនាំប្រទេសមានសុខសន្តិភាព សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប និងមន្រី្តរាជការ និងប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ សូមឲ្យមាននូវសេចកី្តសុខ សេចកី្តចម្រើន ទទួលបាននូវពុទ្ធពរទាំង៤ប្រការ៕អត្ថបទ រដ្ឋា














