រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ូសាអ៊ូឌីត និងស៊ីរី កាលពីថ្ងៃពុធ បានស្វាគមន៍ទំនាក់ទំនងទ្វេភាគីកាន់តែកក់ក្ដៅ រួមទាំងជំហាននានាក្នុងការបន្តសេវាកម្មកុងស៊ុលនិងជើងហោះហើរ និងបានព្រៀមព្រៀងធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងសម្របសម្រួលការវិលត្រឡប់របស់ស៊ីរី ទៅកាន់ប្លុកពិភពអារ៉ាប់។

រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានទៅដល់ទីក្រុងសមុទ្រក្រហម Jeddahរបស់អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃពុធក្នុងចំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតស៊ីរីទៅកាន់រាជាណាចក្រមួយនេះ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះជាសញ្ញាដ៏សំខាន់មួយបង្ហាញថា ភាពឯការក្នុងតំបន់របស់ស៊ីរី ជិតរលាយបាត់ហើយ។
ប្រទេសមហាអំណាចក្នុងតំបន់ឈូងសមុទ្រអារ៉ាប៊ីសាអ៊ូឌីត បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយទីក្រុង ដាម៉ាស់ ស្របពេលការបង្រ្កាបដ៏សាហាវរបស់លោកប្រធានាធិបតីស៊ីរី Bashar Al- Assad លើក្បួនតវ៉ាស្ងៀមស្ងាត់កាលពីឆ្នាំ២០១១ និងបានងាកមកគាំទ្រក្រុមឧទ្ទាម ដែលប្រយុទ្ធដើម្បីបណ្ដេញលោក Assad ចេញពីតំណែង។ ប្រទេសស៊ីរី ក៏ត្រូវបានផ្អាកពីសម្ព័ន្ធអារ៉ាប់ផងដែរ។
ការបន្តទំនាក់ទំនងឡើងវិញរវាងប្រទេសស៊ីរី និងអារ៉ាប៊ីសាអ៊ូឌីត បង្ហាញពីដំណើរវិវឌ្ឍន៍ដ៏សំខាន់បំផុតក្នុងការបោះជំហានជាបន្តបន្ទាប់ដោយរដ្ឋនានារបស់អារ៉ាប់ ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយលោក Assad។
ការបន្តទំនាក់ទំនងនេះ កើតមានឡើងប៉ុន្មានសប្ដាហ៍ បន្ទាប់លោក Mekdad បានជួបអ្នកការទូតជាន់ខ្ពស់អេហ្ស៊ីប និងហ្ស៊កដានី ជាលើកដំបូងផងដែរក្នុងរយៈពេលជាង១០ឆ្នាំមកនេះ៕
