សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់បីនាក់របស់ធនាគារវិនិយោគអន្តរជាតិដែលគ្រប់គ្រងដោយរុស្ស៊ី (IIB) នៅទីក្រុង Budapest កាលពីថ្ងៃពុធ បន្ទាប់ពីខ្លួនបាននិយាយថា ប្រទេសហុងគ្រី បានព្រងើយកន្តើយចំពោះការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលបានកើនឡើងជុំវិញ«វេទិកាវិមានក្រឹមឡាំងដ៏ស្មុគស្មាញ»។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហុងគ្រី លោក David Pressman បាននិយាយថា រដ្ឋាភិបាលរបស់លោកមានការព្រួយបារម្ភអំពីភាពខ្នះខ្នែងដែលនៅបន្ត ក្នុងចំណោមមេដឹកនាំប្រទេសហុងគ្រី ដើម្បីពង្រីកទំនាក់ទំនង ទោះបីជារុស្ស៊ីបានឈ្លានពានដ៏ឃោរឃៅដែលនៅតែបន្ត មកលើប្រទេសអ៊ុយក្រែនក៏ដោយ" ។
លោក Pressman បាននិយាយថា សហរដ្ឋអាមេរិក បានលើកឡើងពីការព្រួយបារម្ភអំពីវត្តមានរបស់ធនាគារនេះ ប៉ុន្តែថាមិនដូចសម្ព័ន្ធយោធាណាតូដ៏ទៃទៀតនោះទេ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក Viktor Orban បានច្រានចោលការព្រួយបារម្ភទាំងនេះ ហើយនៅតែប្តេជ្ញាចិត្តទទួលធនាគារវិនិយោគអន្តរជាតិដែលគ្រប់គ្រងដោយរុស្ស៊ី (IIB)។

ឈ្មោះមន្ត្រីទាំងបីនាក់ បានដាក់បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺជនជាតិរុស្សី មានលោក Nikolay Kosov អតីតប្រធានធនាគារ ហើយលោកGeorgy Potapov ព្រមទាំងជនជាតិហុងគ្រី លោក Imre Laszloczki ជាមន្ត្រីជាន់ខ្ពស់ពីររូបចុងក្រោយនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ IIB ។
បន្ទាប់ពីរុស្ស៊ីបានវាយលុកមកលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសប៊ុលហ្គារី សាធារណរដ្ឋឆែក រូម៉ានី និងប្រទេសស្លូវ៉ាគី បានបញ្ចប់ការចូលរួមរបស់ពួកគេនៅក្នុងធនាគារវិនិយោគអន្តរជាតិដែលគ្រប់គ្រងដោយរុស្ស៊ី (IIB)។ រដ្ឋាភិបាលប្រទេសហុងគ្រី ពុំបានចាត់វិធានការប្រឆាំងធនាគារដែលបានផ្លាស់ប្តូរប្រតិបត្តិការទៅទីក្រុង Budapest ក្នុងឆ្នាំ ២០១៩នោះទេ។
ប្រទេសហុងគ្រី ជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប បានពង្រឹងទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ចាប់តាំងពីឆ្នាំ ២០១០ ក្រោមការដឹកនាំរបស់លោក Orban ដែលបានបញ្ចៀសការរិះគន់ផ្ទាល់ទៅលើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទោះបីជាមានការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។ ជំហររបស់លោកត្រូវបានរិះគន់ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប៕