
អន្ដរជាតិ៖ យោងតាមឯកសារដាក់នៅតុលាការសហព័ន្ធរដ្ឋ Florida កាលពីថ្ងៃពុធ បានឲ្យដឹងថា លោក Donald Trump នឹងប្តឹងអតីតមេធាវីរបស់លោក គឺលោក Michael Cohen ដើម្បីទាមទារសំណងជំងឺចិត្តជាង ៥០០លានដុល្លារ ។
បណ្តឹងនេះ ចោទប្រកាន់ថា លោក Cohen បានបំពានលើទំនាក់ទំនងរវាងកូនក្តី និងមេធាវីជាមួយលោក Trumpដោយប្រកាសឲ្យដឹងរឿងសម្ងាត់របស់លោក និងផ្សព្វផ្សាយព័ត៌មានមិនពិតតាមសៀរភៅ តាម Podcast និងតាមព័ត៌មានសង្គម ក៏ដូចជាចោទប្រកាន់ថាលោក Cohen បានប្រឌិទការឆ្លើយឆ្លងជាមួយលោក Trumpនៅក្នុងសៀវភៅ“Disloyal”ឆ្នាំ ២០២០របស់មេធាវីម្នាក់នេះ ។ លោក Cohen ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអធិប្បាយ ។
បណ្តឹងមួយនេះ កើតមាន ស្របពេលដែលលោក Cohen ចង់ធ្វើជាសាក្សីដ៏សំខាន់ម្នាក់ប្រឆាំងលោក Trump ក្នុងករណីរបស់លោកជុំវិញការចោទប្រកាន់ថាបានលួចចំណាយប្រាក់ដល់អតីតារាសម្តែងក្នុងរឿងអាសអាភាសនាង Stormy Daniels ដែលអះអាងថា នាងធ្លាប់មានសម្ព័ន្ធមេត្រីភាពជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់នេះ ។
លោក Cohen បានឡើងផ្តល់សក្ខីកម្មនៅមុខតុលាការក្រុង Manhattan កាលពីខែមីនា មុនពេលដែលគណៈវិនិច្ឆ័យបានចោទប្រកាន់លោក Trump ចំនួន ៣៤ករណីពីបទព្រហ្មទណ្ឌក្លែងបន្លំឯកសារធុរកិច្ច ។
លោក Trumpបានផ្តល់ចម្លើយពុំមានទោសកំហុស និងច្រានចោលទំនាក់ទំនងជាមួយនាង Daniels ។
សូមបញ្ជាក់ថា លោក Cohen ធ្លាប់ធ្វើជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trumpពេលអតីតប្រធានាធិបតីរូបនេះ ឡើងកាន់អំណាចកាលពីឆ្នាំ ២០១៧ ហើយលោកនិយាយនៅឆ្នាំនោះថា លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារលោក Trump ។
ប៉ុន្តែទស្សនៈរបស់លោកបានផ្លាស់ប្តូរវិញក្នុងឆ្នាំ ២០១៩ ។ លោកបាននិយាយប្រាប់គណៈកម្មាធិការសភាសហរដ្ឋអាមេរិកថា ខ្ញុំអៀនខ្មាស់ខ្លាំងណាស់ ដោសារតែខ្ញុំដឹងច្បាស់ថាលោក Trumpជាមនុស្សបែបណា។ គាត់ជាមនុស្សប្រកាន់ជាតិសាសន៍ គាត់គឺជាជនឆបោក គឺជាមនុស្សបោកប្រាស់ ។
លោក Cohen ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ កាលពីឆ្នាំ ២០១៨ ក្រោយរូបលោកសារភាពទទួលទោសកំហុសចំពោះការបំពានហិរញ្ញវត្ថយុទ្ធនាការ តាមរយៈការចំណាយប្រាក់ ១៣ម៉ឺនដុល្លារដល់នាង Stormy Daniels និងបទឧក្រិដ្ឋផ្សេងទៀត ៕