
នៅរសៀលថ្ងៃព្រហស្បត្តិ៍៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខ អ្នកការគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពបូជាផ្កាភ្ញីទៀនធូបទឹកអប់ប្រេងម៉្សៅ ស្បងជីវថ្វាយដល់បារមី ព្រះអង្គចេក ព្រះអង្គចម នៅអាស្រមព្រះអង្គចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនឹងប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិ នានាដែលមានវត្តមាននៅក្នុងក្រុងសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសម្តេច លោកជំទាវ និងក្រុមគ្រួសារទាំងអស់ បានឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម ពិសេសទសបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ នៃគ្រឹៈសករាជ២០២៣ ដែលមានព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម មានភារកិច្ចយាងមកគ្រប់គ្រងចក្រវាឡ នៃលោកយើងនេះ សូមតាមជួយបីបាច់ព្រះរាជាណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មានការអភិវឌ្ឍគ្រប់ច្រកល្ហកទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។




នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ បាននាំយកនូវសម្ភារៈគ្រឿងបរិក្ខាបរិភោគប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាបចំនួនសរុប ៧អង្គ។ តាមរយៈម្នុញផលដែលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាប ទាំង៧អង្គ បានស្វាធ្យាយពរជ័យបវរមហាប្រសើរជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនា ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចំរើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត ពិសេសសូមបារមីទេវតាឆ្នាំ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ គ្រឹៈសករាជ២០២៣ សូមសង្គមកម្ពុជាជួបតែភាពចំរើនជឿនលឿន និងភាពត្រជាក់ត្រជុំក្នុងសង្គមមហាគ្រួសារខ្មែរ នៃយើងទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវបច្ច័យ ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ និងអុជធូប ថ្វាយផ្កាភ្ញី បួងសួងសុំសេចក្តីសុខ ពីព្រះអង្គចេក ព្រះអង្គចម និងបានជូនក្រណាត់ស និងថវិកាមួយចំនួនដល់ដូនជី តាជី ផងដែរ ។


បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅទីគោរពសក្ការៈអាស្រមលោកយាយទេព ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសការប្រារព្វព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួបលើកទី១០ ដែលនិងប្រារព្វពិធីបើកនៅព្រឹកថ្ងៃទី១៤ មេសា ស្អែក សូមទទួលបាននូវភាពជោគជ័យ ដើម្បីបង្ហាញនូវមោទកភាពជាតិខ្មែរ ដល់អន្តរជាតិបានឃើញ បានស្គាល់ ក្រោមមរតកសន្តិភាពសម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយសម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញទស្សនាសួនបេះដូង ក្នុងរមណីយដ្ឋានអង្គរវត្ត នៃខេត្តសៀមរាប ដែលបង្ហាញពីក្តីស្រឡាញ់របស់ប្រជាជាតិខ្មែរ គាំទ្រកីឡាករ-កីឡាការិនីមានពិការភាព និងភាពជាម្ចាស់ផ្ទះដែលកម្ពជារៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលបានចូលរួមបត់បេះដូង និងបានបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងបំផុតលើពិភពលោក» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ៕

















