
ភ្នំពេញ៖ ឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ ព.ស ២៥៦៧ ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ នៅតាមវត្តអារ៉ាម តាមរមណីយដ្ឋានទេសចរណ៍ តាមភូមិ ជាពិសេសនៅខេត្តសៀមរាប គឺមានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដែលតាមរយៈកម្មវិធីកម្សាន្តសប្បាយនានានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថានឹងមានភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជាង១៥លាននាក់។
នៅមុនមួយថ្ងៃ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្រោយវិបត្តិកូវីដធូសា្រល មកដល់ពេលនេះ ចរន្តទេសចរណ៍ក្នុងស្រុកគឺឈានត្រឡប់មករកភាពដើមវិញអស់ហើយ ហើយនៅតាមទីវត្តអារ៉ាម តាមរមណីយដ្ឋាន គោលដៅទេសចរណ៍សំខាន់ៗគឺសុទ្ធតែមានការរៀបចំកម្មវិធីសង្ក្រានឆ្នាំថ្មី ដើម្បីទទួលភ្ញៀវទេសចរជាតិអន្តរជាតទៅលេងកម្សាន្ត ហើយក្នងឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវមូលដ្ឋានទាំងអស់កុំតំឡើងថ្លៃទំនិញ ជាពិសេសជាងនេះ គឺគ្រប់មុខទំនិញ និងសេវាកម្មទាំងអស់ត្រូវរៀបចំតារាងតម្លៃត្រឹមត្រូវដើម្បីឲ្យភ្ញៀវងាយសំរេចចិត្តទិញ។ពាក់ព័ន្ធនឹងការរៀបចំតារាងរាយនាមតម្លៃមុខទំនិញនិងសេវានេះ កន្លងមក លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ បានថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ជំរុញមូលដ្ឋានអាជីវកម្មទាំងអស់ ដោយរាប់គិតចាប់ពីអ្នកលក់ដូរតូចតាច រហូតដល់អ្នកប្រកបអាជីវកម្មខ្នាតធំនានា ត្រូវរៀបចំបញ្ជីតារាងកំណត់តម្លៃមុខទំនិញ និងសេវាកម្មនានាច្បាស់លាស់ ដោយគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។
លោក បញ្ជាក់ថា តាមហាងអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ ប្រសិនបើមិនរៀបចំបញ្ជីតារាងតម្លៃទំនិញជូនភ្ញៀវនោះទេ អាជីវកម្មនឹងត្រូវប្រឈមការផាកពិន័យ ហើយអាចឈានដល់ការបិទអាជីវកម្ម ករណីអាជីវកម្មនោះប្រព្រឹត្តទោសកំហុសធ្ងន់ធ្ងរ ហើយអតិថិជនអាចប្តឹង ឬរាយការណ៍ទៅសមត្ថកិច្ច ក្នុងករណីអាជីវកម្មនោះលក់ទំនិញ និងសេវាកម្ម ឡើងថ្លៃ ហួសតម្លៃដែលមានកំណត់នៅក្នុងតារាងតម្លៃ៕ អត្ថបទ៖ ស៊ុម សុខជា

