
ទុយនេស៊ី៖ មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍(១៣មេសា)នេះថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសទុយនីស៊ី បានរកឃើញសាកសពជនអន្តោប្រវេសន៍ចំនួន១៥ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយការលិចទូកនៅប្រទេសទុយនីស៊ី កើនឡើងដល់២៥ នាក់។
ទូកឈើមួយគ្រឿងដែលផ្ទុកជនអន្តោប្រវេសន៍ប្រហែល ១១០ នាក់ បានលិចកាលពីថ្ងៃពុធ នៅឯឆ្នេរសមុទ្រនៃទីក្រុង Sfax ។ មនុស្សចំនួន ៧៦ នាក់ត្រូវបានគេជួយសង្គ្រោះ ខណៈនៅអ្នកនៅសល់ កំពុងបាត់ខ្លួន។
ឧបទ្ទវហេតុលង់ទឹកនៅក្បែរឆ្នេរសមុទ្ររបស់ទុយនីស៊ី បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងបាត់ខ្លួន ចំពេលមានការកើនឡើងនៃទូកជនអន្តោប្រវេសន៍ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលីពីឆ្នេរសមុទ្រទុយនីស៊ីនេះ។
មន្ត្រីឆ្មាំជាតិលោក Houssem Eddin Jebabli បាននិយាយថា ឆ្មាំល្បាតឆ្នេរ បានរកឃើញសាកសពជនអន្តោប្រវេសន៍ចំនួន១៤នាក់ រួមមានស្ត្រី ៦ នាក់មកពីបណ្តាប្រទេសនៅអាហ្រ្វិក និងអ្នកបើកទូកជនជាតិទុយនីស៊ីម្នាក់។
