
អន្ដរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសនេះ បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបឥន្ធនៈរឹងថ្មី (ICBM) Hwasong-18 ដើម្បីជំរុញយ៉ាងខ្លាំងនូវសមត្ថភាពវាយបកដោយនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយព្រមានពីភាពមិនសប្បាយចិត្ត និងការព្រួយបារម្ភខ្លាំងដល់សត្រូវ។ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់អ្វីដែលទំនងមីស៊ីលគំរូថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានការព្រួយបារម្ភនៅភាគខាងជើងប្រទេសជប៉ុន ដែលពលរដ្ឋកោះហុកកៃដូ ត្រូវបានគេប្រាប់ឱ្យរកទីជម្រកការពារ ទោះបីជាវាពុំមានគ្រោះថ្នាក់ក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ថា ការអភិវឌ្ឍប្រភេទមីស៊ីលបាលីស្ទីកអន្តរទ្វីបឥន្ធនៈរឹងថ្មី ICBM Hwasongpho-18នឹងធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនូវសមាសធាតុរារាំងជាយុទ្ធសាស្ត្ររបស់ប្រទេសកូរ៉េខាងជើង ដោយជំរុញយ៉ាងខ្លាំងក្លានូវប្រសិទ្ធភាពនៃជំហរប្រឆាំងនុយក្លេអ៊ែររបស់ខ្លួន និងនាំមកនូវការផ្លាស់ប្តូរជាក់ស្តែងនៃយុទ្ធសាស្ត្រយោធាវាយប្រហាររបស់ខ្លួន។
ការអភិវឌ្ឍន៍មីស៊ីល ICBM ឥន្ធនៈរឹង ត្រូវបានគេមើលឃើញថាជាគោលដៅសំខាន់សម្រាប់ប្រទេសកូរ៉េខាងជើង ព្រោះវាអាចជួយកូរ៉េខាងជើងដាក់ពង្រាយមីស៊ីលរបស់ខ្លួនបានលឿនជាងមុនក្នុងព្រឹត្តិការណ៍សង្គ្រាម។
មេដឹកនាំគីម ជុងអ៊ុន បានដឹកនាំការសាកល្បងនេះ ហើយបានព្រមានថា វានឹងធ្វើឱ្យសត្រូវជួបប្រទះវិបត្តិសន្តិសុខកាន់តែច្បាស់ ហើយបង្កឲ្យមានភាពមិនសប្បាយចិត្ត និងការព្រួយបារម្ភមកលើពួកគេ ដោយមានចំណាត់ការប្រឆាំងខ្លាំងក្លា និងវាយប្រហារ រហូតដល់ពួកគេបោះបង់ការគិត និងទង្វើដែលមិនប្រុងប្រយ័ត្នរបស់ពួកគេ។ ប្រទេសកូរ៉េខាងជើងបានរិះគន់សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះថា ជាការបង្កើនភាពតានតឹង និងបានបង្កើនការសាកល្បងអាវុធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
