
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។

ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ៣ ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។
កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។ កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។ កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។ កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។

ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។


គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕












