ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ មនុស្សដល់ទៅ ៩៣៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលជាចំនួនឆ្លងច្រើនបំផុតដែលកម្ពុជាមិនធ្លាប់បានរកឃើញ។ ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ចំនួន ៦០៨នាក់ បន្ទាប់មកខេត្តកណ្ដាលរកឃើញដល់ទៅ ១៧៥នាក់បន្ថែមទៀត ខណៈដែលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី ៧៧នាក់ទៀត។
ក្រសួងឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៥១នាក់ទៀត ហើយខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងថ្មី ១៤នាក់ទៀត។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខណៈដែលខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ៤នាក់នោះ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៣នាក់ទៀត បន្ទាប់មកខេត្តត្បូងឃ្មុំ រកឃើញ ២នាក់ទៀត ហើយខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មីត្រឹមតែ ១នាក់នៅក្នុងខេត្តនីមួយៗតែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្ស ១៦ ២៩៩នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ដែលក្នុងនោះករណីឆ្លងដល់ទៅ ១៥ ៧៤៤នាក់ ឬខ្ទង់ ៩៦.៥ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩សរុប ៥ ៧៩១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីចំនួន ៣៦១នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺ ១០ ៣៩៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕
