នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អ៊ុយក្រែន ទទួលបានការសន្យាចំពោះការផ្តល់មូលនិធិ ៥ពាន់លានដុល្លារ ដើម្បីគាំទ្រសង្រ្គាមកំពុងបន្តរបស់ពួកគេជាមួយរុស្ស៊ី ស្របពេលមានជំនួបផ្លែផ្កានៅទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ។

លោក Shmyhal បានជួបប្រជុំជាមួយក្រុមតំណាងកពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោក(World Bank) និងធនាគារវិនិយោគទុនអឺរ៉ុប ក៏ដូចជាក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំនិទាឃរដូវរបស់ IMF និង World Bank ។
លោកនិយាយថា អ៊ុយក្រែន ទទួលបានការសន្យាថ្មីចំពោះការគាំទ្របន្ថែមទៀតពីប្រទេសស្វីស ដាណឺម៉ាក និងប្រទេសជាច្រើនទៀត អំឡុងជំនួបនោះ ក៏ដូចជាកិច្ចព្រមព្រៀងពីក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិក Boeing ដើម្បីបន្ធូរបន្ថយក្រុមហ៊ុនអ៊ុយក្រែននូវទឹកប្រាក់ ២០០លានដុល្លារ ។
លោកបន្តថា ទីក្រុងគីវ រំពឹងថានឹងទទួលបានការគាំទ្របន្ថែមទៀត អំឡុងកិច្ចប្រជុំនាពេលខាងមុខ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ៕