សៀមរាប៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវធានាបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍វាយតម្លៃរបស់លេខាធិការដ្ឋាន គណៈបញ្ជាការការពារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ។
នៅថ្ងៃចាប់ផ្តើមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស្ថានភាពចរាចរណ៍ចាប់ផ្តើមមានភាពមមាញឹក អាស្រ័យដោយចំនួនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមទស្សនាកំសាន្តមានការកើនឡើង។ ទោះយ៉ាងណាកងកម្លាំងប្រចាំការនៅតាមគោលដៅពាក់ព័ន្ធបានសហការសម្រួលលំហូរចរាចរណ៍ឲ្យ មិនឲ្យមានការកកស្ទះ។
របាយការណ៍បានបញ្ជាក់ថា «ផ្អែកលើសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ពិនិត្យឃើញថា សមត្ថកិច្ចពាក់ព័ន្ធបានសហការការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់នៅគ្រប់ទីតាំងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ ជាពិសេសបានការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ប្រកបដោយស្មារតីម្ចាស់ការ និងមនសិការវិជ្ជាជីវៈខ្ពស់»។
ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រចាំការជាប់ជាប្រចាំនៅបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដានសភាពការណ៍ សន្ដិសុខ សណ្ដាប់ធ្នាប់ និងដឹកនាំបញ្ជាឲ្យផ្ទាល់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ដោយឡែកសម្រាប់តាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត ក៏បានរៀបចំសង្ក្រាន្ដរបស់ខ្លួនផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕






