នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក និយាយថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីជម្រកសម្រាប់កុមារ និងក្មេងជំទង់ នៅតំបន់ភាគឦសាន ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ ។

នៅវេលាម៉ោងប្រហែល ៤ និង២០នាទីព្រឹក ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានគេទូរស័ព្ទហៅ អន្តរាគមន៍ ដើម្បីជួយពន្លត់ភ្លើងនៅគ្រឹះស្ថានសប្បុរធម៌ Lar Paulo de Tarso ស្ថិតក្នុងទីក្រុង Recife រដ្ឋ Pernambuco ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា ក្មេងប្រុសម្នាក់ និងស្រ្តីម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះ ២នាក់ទៀត បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ ។
លោក Joao Campos គឺជាអភិបាលក្រុង Recife បានចូលរួមការរំលែកទុក្ខរបស់លោកតាមព័ត៌មានសង្គម Twitter ។ លោកនិយាយថា នេះគឺជាពេលដ៏ឈឺចាប់ និងសាមគ្គីភាព ។ អង្គការមិនមែនរដ្ឋាភិបាល បានផ្តល់ទីជម្រកដល់កុមារ និងក្មេងជំទង់ នៅក្នុងស្ថានភាពសង្គមដ៏គ្រោះថ្នាក់អស់រយៈពេលជាង ៣០ឆ្នាំ ។ យើងនៅតែចល័ត ដើម្បីផ្តល់ការគាំទ្រយ៉ាងពេញទំហឹងក្នុងពេលវេលាដ៏លំបាកនេះ ។
ដោយឡែក អភិបាលរដ្ឋ Pernambuco លោកស្រី Raquel Lyra បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Twitterផងដែរ ដើម្បីកាន់ទុក្ខសោកនាដកម្មនេះ ។
លោកស្រី Lyra និយាយថា រដ្ឋ Pernambuco កំពុងកាន់ទុក្ខចំពោះអ្វីដែលបានកើតឡើងនៅព្រឹកមិញនេះ នៅទីក្រុង Recife ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមនគរបាល បានបំពេញការងាររបស់ពួកគេរួចហើយ ក៏ដូចជាក្រុមសុខាភិបាលរបស់ពួកយើង ។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រាដ៏ឈឺចាប់នេះ ៕
