ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានចេញដើរលេងកម្សាន្តនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី នោះរួមមាន៖ ភ្ញៀវជាតិ ២.០៧៩.៦៧០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១នាក់។ ចំពោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
− ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់
− ខេត្តបាត់ដំបង ៣០៥.៦១៥ នាក់
− រាជធានីភ្នំពេញ ២៦៣.៥៤៩ នាក់
− ខេត្តស្វាយរៀង ១៤៤.៧៧៨ នាក់
− ខេត្តកណ្តាល ១២៨.៦៩១ នាក់
− ខេត្តបន្ទាយមានជ័យ ១០៨.៥១៤ នាក់
− ខេត្តកំពង់ឆ្នាំង ១០៣.៧៨៤ នាក់
− ខេត្តព្រះសីហនុ ១០២.០៩៦ នាក់
− ខេត្តកំពត ៩៥,៣៤៤ នាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ ឆ្នាំ២០២៣នេះ មានសភាពផុសផុលខ្លាំងដោយមានការកើនឡើងប្រមាណ ១៤៣,១៩% ធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុណ្ណោះ។ ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា តួលេខខាងលើនេះ ជាចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្ក្រាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។
ដោយឡែកការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាបឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំ ដែលបានប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត នាថ្ងៃទី១៤ ខែមេសានេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន បង្ហាញពីវប្បធម៌ ប្រពៃណី ពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោកនៅប្រាសាទអង្គរវត្ត។ រីឯនៅតាមបណ្តារាជធានីខេត្តផ្សេងៗ បានរៀបចំកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជន ទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត ក៏មានប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានាដោយក្តីរីករាយ។
ទន្ទឹមនោះកងកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចាត់តាំងកម្លាំងប្រចំាការ និងសម្រួលចរាចរតាមដងផ្លូវជាតិ ទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ។
ជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថា នឹងមានសភាពកាន់តែផុលផុសនាថ្ងៃទី២នេះ ដោយសារប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលមិញ៕


