ក្រុមមន្រ្តីបានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមបុរាណវត្ថុវិទូប៉េរូ បានរកឃើញបន្ទប់ទឹកបុរាណ អាយុកាល ៥០០ឆ្នាំក្នុងយុគសម័យអាណាចក្រ Inca នៅតំបន់ភាគកណ្តាលប្រទេសប៉េរូ ។ បន្ទប់ទឹកអាណាចក្រ Inca គឺជាបន្ទប់ទឹកទី ២ ដែលត្រូវបានរកឃើញនៅទីតាំងបុរាណស្ថាន Huanuco Pampa ដែលភាពស្មុគស្មាញ និងទំហំរបស់វា ធំជាងអ្វីដែលគេបានដឹងកាលពីមុន ។

សំណង់មួយនេះ មានជម្រៅ ២ម៉ែត្រ និងមានវាំងចំណារបិទជិតចំនួន ២ ។ បន្ទប់ទឹកអាណាចក្រ Inca គឺជាសំណង់ ពាក់ព័ន្ធនឹងតំបន់មានការរឹតត្បិតតឹងរ៉ឹងបំផុត និងមានឋានានុក្រមជាក់លាក់នៅក្នុងការតាំងលំនៅរបស់អាណាចក្រ Inca ។
យោងតាមការអះអាងរបស់ក្រុមស្រាវជ្រាវ បានឲ្យដឹងថា សំណង់ទំាងអស់នេះ មានលក្ខណៈបែបសាសនា និងពិធីកម្ម ។
សូមបញ្ជាក់ថា ប៉េរូ គឺជាប្រទេសសម្បូរដោយរតនៈសម្បត្តិផ្នែកបុរាណវិទ្យា ។ ប្រទេសមួយនេះ មានទីតាំងបុរាណស្ថានរាប់រយកន្លែងដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងមានរាប់សិបវប្បធម៌ រួមទាំងវប្បធម៌របស់អាណាចក្រ Incaដែលបានកាន់អំណាច ពេលដែលក្រុមអ្នករុករកអេស្ប៉ាញ ធ្វើដំណើរមកដល់កាលពីដើមទសវត្សរ៍ឆ្នាំ ១៥០០ ៕
