អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បាននិយាយថា ប្រទេសរបស់លោកនឹងព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងចិន ។ លោកនិយាយថា ពួកយើងចង់ស្តារទំនាក់ទំនងល្អបំផុត ហើយពួកយើងចង់ធ្វើជាដៃគូជាមួយប្លុកពាណិជ្ជកម្មធំៗទាំង ៣នេះ ដែលរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។

គួរឲ្យដឹងថា ប្រេស៊ីល និងចិន ដែលផ្តោតសំខាន់ថ្មីលើទំនាក់ទំនងទ្វេភាគីនោះ បានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយពួកគេនឹងបង្កើតគណៈកម្មាធិការសម្រាប់កិច្ចការមួយនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាដៃគូយុទ្ធសាស្រ្តរបស់ពួកគេ ។
ចិន និងប្រេស៊ីល បានយល់ព្រមបង្កើតក្រុមការងារផងដែរ ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើវត្ថុពាក់កណ្តាលចម្លង ឬបន្ទះអេឡិចត្រូនិក និងពង្រឹងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងលើវិស័យបច្ចេកវិទ្យាសំខាន់ជាច្រើនទៀត ។
បច្ចេកវិទ្យាព័ត៌មាន បានក្លាយជាចំណុចខ្ទាស់សម្រាប់ទំនាក់ទំនងចិនជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ដែលមានករណីខ្លះ ពួកគេបានហាមឃាត់ផលិតចិនក្នុងហេតុផលសន្តិសុខ ៕