កាលពីថ្ងៃសុក្រម្សិលមិញ សមាជិកវ័យ ២១ឆ្នាំម្នាក់របស់ឆ្មាំជាតិផ្នែកកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលរងការចោទប្រកាន់ពីបែកធ្លាយឯកសារសម្ងាត់មន្ទីរបច្ចកោណ បានបង្ហាញខ្លួនលើកដំបូងនៅចំពោះមុខចៅក្រមសហព័ន្ធក្រុង Boston ដើម្បីប្រឈមនឹងការចោទប្រកាន់ថា គាត់បានលួចយក និងរក្សាទុកឯកសារសម្ងាត់ដោយខុសច្បាប់ ។

លោក Jack Teixeira មកពីទីក្រុង North Dighton រដ្ឋ Massachusetts ដែលត្រូវបានចាប់ខ្លួនដោយក្រុមភ្នាក់ងារចារកម្ម FBI នៅផ្ទះរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ បានឡើងតុលាការសហព័ន្ធក្នុងឈុតពណ៌កាគី ។
នៅសវនាការ រដ្ឋអាជ្ញាសន្តិសុខជាតិសហព័ន្ធជាន់ខ្ពស់ក្រុង Boston លោក Nadine Pellegrini បានលើកសំណើរថា លោក Teixeira ត្រូវតែឃាត់ខ្លួនរង់ចាំការកាត់ទោស និងសវនាវាឃុំខ្លួន នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ ។
គួរឲ្យដឹងថា ឯកសារសម្ងាត់ដែលបានបែកធ្លាយស្របពេលមានការស៊ើបអង្កេតនោះ ត្រូវបានគេបង្ហោះតាមបណ្តាញព័ត៌មានសង្គម កាលពីខែមីនាកន្លងទៅ ឬប្រហែលជាអាចត្រូវបានបង្ហោះលឿនជាងនេះ ប៉ុន្តែព័ត៌មានសម្ងាត់របស់វា ពុំទាន់បានបែកធ្លាយនោះទេ រហូតដល់កាសែត New York Times ចុះផ្សាយកាលពីសប្តាហ៍មុន ។
គេមានជំនឿថា វាគឺជាការបំពានសន្តិសុខធ្ងន់ធ្ងរបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឯកសារជាង ៧០ម៉ឺនឯកសារ វីដេអូ និងបណ្តាញ Telegramការទូត បានបែកធ្លាយនៅលើវែបសាយ WikiLeaks ៕
