
សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ វិរៈវ័នបត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្ដុង្គឧត្ដមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញបូជាផ្កាភ្ញីទៀនធូប នៅទីសក្ការៈភ្នំគូលេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅក្នុងពិធីតាមបែបសាសនានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវទាំងអស់ អញ្ជើញបូជាផ្កាភ្ញីទៀនធូបនៅតាមទីសក្ការៈដ៏ស័ក្ដិសិទ្ធិ លើកំពូលភ្នំគូលេន ដែលបានកសាងបន្សល់ទុកមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដែលពុទ្ធបរិស័ទមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិនានា ដែលគោរពប្រតិបត្តិលើជំនឿសាសនា តែងតែទៅធ្វើការបួងសួងសុំតេជៈបារមីវត្ថុស័ក្ដិសិទ្ធិលើភ្នំគូលេន កើតមានដល់គ្រប់គ្រួសារទាំងអស់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការបួងសួងដល់តេជៈបារមី នៅតាមទីក្ការៈទាំងអស់ លើភ្នំគូលេន សូមជួយតាមបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសរស់នៅខ្ពស់មុខ ខ្ពស់មាត់ ដូចប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅលើភពផែនដី នៃលោកយើងនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបូងសួងដល់តេជៈបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដែលមានព្រះនាងកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលមានភារកិច្ចឃុំគ្រងចក្រវាឡ ក្នុងពុទ្ធសករាជ២៥៦៧ គ្រឹៈសករាជ២០២៣ សូមជួយថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ជួបតែភាពសំបូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ ព្រះសង្ឃគង់នៅទីអារាមវត្តភ្នំគូលេន បានស្វាធ្យាយចំរើនព្រះបរិត្តលើករាសី និងប្រសិទ្ធពរជ័យកើតមានដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានតេជៈបារមីខ្លាំងក្លា មានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាថ្នាក់ដឹកនាំដ៏ឆ្នើមនៅកម្ពុជា ដើម្បីជោគវាសនាអនាគតរាជរដ្ឋាភិបាល និងប្រទេសជាតិឲ្យកាន់តែរីកចំរើនទ្វេឡើងថែម និងដឹកនាំស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជា ឲ្យកាន់តែរីកចំរើន និងមានជំនឿជឿជាក់ខ្ពង់ខ្ពស់ និងជាបេះដូងពិតៗរបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងអស់។
សូមបញ្ជាក់ដែរថា នៅក្នុងពិធីតាមបែបសាសនានោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើការបួងសួងនៅទីក្ការៈព្រះអង្គធំលើ កំពូលភ្នំគូលេន និងបានផ្សងចាក់គម្ពីដើម្បីបួងសួងសុំសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជា៕












