ប្រណាំងកង់៖ កីឡាករអង់គ្លេស Geraint Thomas ទីបំផុតស្វែងរកជើងឯកលើកដំបូងបានរាប់ពីឆ្នាំ២០១៨ បន្ទាប់ពីឈ្នះជើងឯកការប្រកួតកម្មវិធី Tour de Romandie នៅលើទឹកដីប្រទេសស្វ៊ីស។ កីឡាកររបស់ក្រុមប្រណាំង Ineos Grenadiers រូបនេះបានចាប់ផ្តើមដំណាក់ចុងក្រោយជាមួយនឹង ១១វិនាទីដេញពីក្រោយអ្នកនាំមុខ Michael Woods របស់ក្រុម Israel Start-up Nation។

តែសមត្ថភាពដ៏អស្ចារ្យនៅដំណាក់កាលចុងក្រោយ ជាពិសេសនៅចំនុច ១៦គីឡូម៉ែត្រចុងក្រោយធ្វើអោយ Geraint Thomas មកដល់ទីព្រ័ត្រមុនគេចំណេញវេលានាំមុខលើ Michael Woods វិញជិត ១នាទី និងបញ្ចប់ការប្រកួតទាំងស្រុងមានវេលាល្អជាអ្នកលេខ២ កីឡាករអូស្ត្រាលី Richie Porte ២៨វិនាទី និងអ្នកលេខ៣ កីឡាករអ៊ីតាលី Fausto Masnada យឺតជាងអ្នកឈ្នះ ៣៨វិនាទី។ រំលឹកថា Geraint Thomas ឈ្នះជើងឯកចុងក្រោយបំផុតនោះគឺជើងឯក Grand Tour, Tour de France ក្រោយមកបុរសវ័យ ៣៤ឆ្នាំរូបនេះខកខានឈ្នះជើងឯករហូតមក ខណៈធ្វើបានល្អបំផុតនោះគឺបានលេខ៣ នៅ Tour de Romandie កាលពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ