សៀមរាប ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី២ ខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត មានចំនួនប្រមាណ ៦៥៣.៦៧០នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀងប្រមាណ ៦៥៣.៦៧០នាក់នោះ សម្រាប់អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៦៥០.០០០នាក់ ដោយបានទៅលេងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន, តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗ។ ដោយឡែកសម្រាប់់ភ្ញៀវទេសចរបរទេស មានចំនួន ៣.៦៧៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេលពីរថ្ងៃ ថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប មានអ្នកទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តសរុបចំនួនប្រមាណ ១.០៩០.៣៤៩នាក់ ក្នុងនោះអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០៨០.០០០នាក់ ដោយបានអ្នកទៅកំសាន្តជាច្រើន រួមមាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប ,រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន, តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងខេត្ត ដោយឡែកសម្រាប់ទេសចរបរទេស មានចំនួន ១០.៣៤៩នាក់ផងដែរ៕ ដោយ ៖ សាវី




