ភ្នំពេញ៖ អាជីវករលក់កាំភ្លើងជ័របាញ់ទឹកនៅរាជធានីភ្នំពេញ បានអះអាងថា ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កាំភ្លើងជ័របាញ់ទឹកគ្រប់ប្រភេទ ត្រូវបានលក់ដាច់ខ្លាំងមិនថាខ្នាតតូច ឬធំទេ ដោយកន្លែងខ្លះដាច់រហូតដល់ខ្ទង់ពាន់គ្រឿងក៏មាន។
ក្រុមអាជីវករលក់សម្ភារៈក្មេង និងកាំភ្លើងជ័របាញ់ទឹកនៅផ្សារចាស់ ស្ថិតនៅក្បែរតំបន់រមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសានេះថា នៅអំឡុងបុ ណ្យចូលឆ្នាំថ្មីនេះ បានលក់កាំភ្លើងជ័របាញ់ទឹកដាច់ច្រើននិងទទួលបានប្រាក់ចំណូលគួរសម។ ចំពោះតម្លៃកាំភ្លើងជ័របាញ់ទឹកនេះ មានចាប់ពី ១ម៉ឺនរៀល ដល់១០ម៉ឺនរៀល ទៅតាមខ្នាតកាំភ្លើងតូចធំ។ ពួកគាត់បានឲ្យដឹងទៀតថា កាលពីថ្ងៃបុណ្យចូលឆ្នាំថ្ងៃដំបូង គឺមិនសូវលក់ដាច់ប៉ុន្មានទេ ប៉ុន្តែចូលដល់ថ្ងៃទី២ និងថ្ងៃទី៣នេះ ឃើញមានអ្នកមកសម្រុកទិញច្រើន ដោយមិនគិតពីតម្លៃ ធ្វើយ៉ាងណាឲ្យតែមានកាំភ្លើងលក់ឲ្យ។ ពួកគាត់បន្ថែមទៀតថា ឆ្នាំនេះកាំភ្លើងបាញ់ទឹកខ្នាតធំគឺលក់ដាច់ច្រើនជាងគេ បើធៀ បទៅនឹងទំនិញដ៏ទៃផ្សេងទៀត ដូចជាម្សៅជាដើម។
កាំភ្លើងជ័របាញ់ទឹក បានក្លាយជាទំនិញដែលត្រូវប៉ាន់ខ្លាំងនៅថ្ងៃចូលឆ្នាំរយៈពេល៣ថ្ងៃ រហូតដល់មានកន្លែងលក់ខ្លះលក់ដាច់អស់ពីស្តុកក៏មាន។ នៅគ្រប់កម្មវិធីសង្រ្កាន្តនៅតាមបណ្តាខេត្ត រាជធានីទូទាំងប្រទេស ក្រៅពីការលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត យើងក៏កត់សម្គាល់ឃើញថា យុវវ័យភាគច្រើ ននិយមលេងបាចទឹក និងមានកាំភ្លើងបាញ់ទឹកជាប់នឹងខ្លួនបាញ់លេងដាក់គ្នាផងដែរ៕ដោយ ៖ បូរ៉ាវី



