ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាមូលដ្ឋានគ្រឹះ និងជាដើមចម នៃការឯកភាពជាតិពេញផ្ទៃប្រទេស នាំមកនូវសុខសន្តិភាព សេរីភាព វិបុលសុខ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយវាក៏គឺជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។
នៅក្នុងពិធីប្រកាសប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម កាលពីម្សិលមិញ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្ដល់ការណែនាំមួយចំនួនដើម្បីឲ្យការដឹកនាំបក្សក្នុងក្រុងកំពង់ចាមកាន់តែរឹងមាំ ដូចជា ត្រូវគោរពតាមលក្ខន្តិកៈ រចនាសម្ព័ន្ធ និងសេចក្តីសម្រេចរបស់មហាសន្និបាទគណបក្សប្រជាជនកម្ពុជា, ពង្រឹង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព, ក្តាប់ឲ្យបាននូវឧបាយកល និងចលនាបំផ្លិចបំផ្លាញរបស់ក្រុមអមិត្ត ពិសេសការធ្វើបដិវត្តពណ៌, ពង្រឹងមូលដ្ឋានដើម្បីបញ្ជាក់ពីគុណភាពនៃការងារបក្ស, រក្សាខ្សែរក្រវ៉ាត់ជ័យជំនះនៃការបោះឆ្នោតឆ្នាំ២០១៨ ឲ្យនៅគង់វង្ស និងមិនត្រូវអោនក្បាលយកអធិបតេយ្យភាព និងឯករាជ្យជាតិទៅដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាមួយជាដាច់ខាត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមានភាពម្ចាស់ការខ្ពស់លើខ្លូនឯង បង្កលក្ខណៈដល់ការអភិវឌ្ឍន៏លើគ្រប់វិស័យ ទប់ស្កាត់បានប្រកបដោយប្រសិទ្ឋិភាពនូវរាល់ឧបាយកលដ៏ខ្មៅកខ្វក់របស់ក្រុមក្បត់ជាតិដែលឱនក្បាលបំរើបរទេស និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងរួមសុខ រួមទុក្ខជាមួយប្រជាជន។
សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ដែលក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា ត្រូវបានតែងតាំងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម និងឯកឧត្តម អ៊ិត ប្រាំង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានតែងតាំងឯកឧត្តម ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ចាម និងបានប្តេជ្ញាថា នឹងខិតខំអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំ និងពង្រីកសមាជិកបក្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឈានឆ្ពោះទៅរកជ័យជំនះនៃការបោះឆ្នោតគ្រប់អាណត្តិ បន្តពង្រីកចលនាយុវជនគណបក្ស ដោយចាត់ទុកយុវជនជាកម្លាំងចលករដ៏សំខាន់រយៈពេលវែង, បន្តសកម្មភាពចិញ្ចឹមចលនា ពិសេសបង្កលក្ខណៈដល់គណបក្សឃុំ សង្កាត់មានលទ្ឋភាពជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងបង្កើតភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ តាមរយៈការបំរើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា នយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាមូលដ្ឋានគ្រឹះ និងជាដើមចមនៃការឯកភាពជាតិពេញផ្ទៃប្រទេស នាំមកនូវសុខសន្តិភាព សេរីភាព វិបុលសុខ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយវាក៏គឺជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ៕