សៀមរាប ៖ ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្ដសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងចំនួន៤៧នាក់ អ្នកស្លាប់ម្នាក់ ជាសះស្បើយចំនួន១៥នាក់ និងកំពុងព្យាបាល៣២នាក់នៅមន្ទីរពេទ្យ ។ នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ។
ការកើតមានអ្នកជំងឺកូវីដ១៩កើនឡើង ជាបន្ដបន្ទាប់នេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទជា បណ្ដោះអាសន្ន នូវតំបន់ខ្លះ នៃក្រុងសៀមរាប ខេត្ដសៀមរាប ដើម្បីការពារ និងទប់នៃការរីករាលដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍បន្ដទៀត។ ទីតាំងបន្ដបិទខ្ទប់នេះ រួមមាន ភូមិឋានប្រជាពលរដ្ឋនៅស្រុកជីក្រែង បិទខ្ទប់ផ្សារមួយចំនួនក្នុងក្រុងសៀមរាប ដូចជាផ្សារកណ្ដាល ផ្សារខ្នារ ផ្សារជ្រាវ ផ្សារកន្ដ្រក បិទខ្ទប់ផ្ទះ ប្រជាពលរដ្ឋ បិទខ្ទប់ខាងមុខមន្ទីរពេទ្យខេត្ដ ព្រមទាំងបិទមន្ទីរពេទ្យឯកជន រួមមាន មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ ក្រុងសៀមរាប ខណៈដែលអ្នកជំងឺកូវីដ១៩ទៅ សម្រាកព្យាបាល និងសាច់ញាតិអ្នកជំងឺចេញចូលកន្លែងបិទខ្ទប់នោះ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩រហូតចំនួន៤៧នាក់នេះ ភាគច្រើនជាករណីនាំចូលមកពីខេត្ដផ្សេងៗ រួមមាន មកពីខេត្ដកំពង់ធំ ខេត្ដព្រះសីហនុ រាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដមួយ ចំនួនទៀត និងនៅក្នុងសហគមន៍សៀមរាប។
ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍នេះ អាជ្ញាធរខេត្ដសៀមរាប រដ្ឋបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើស នឹងវិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើរអោយប្រជាអលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
អត្ថបទ ៖ សាវី


