សៀមរាប÷ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះថា ស្នាមញញឹម ក្តីស្រលាញ់ ការតាំងចិត្ត ភាពអត់ធ្មត់ និងមោទកភាពចំពោះអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួននឹងឈោងចាប់យកសម្រាប់អនាគតកម្ពុជាបានប្រតិដ្ឋឡើងនៅលើទឹកដីអង្គរដែលជាបេះដូង និងអត្តសញ្ញាណរបស់ជាតិយើង។
ឯកឧត្តមបន្តថា ការឈោងចាប់ក្តីស្រមៃ ដែលប្រែក្លាយទៅជាក្តីសង្ឃឹមតាមរយៈការប្រកាន់យកទស្សនៈសុទិដ្ឋិនិយម ការគិតវិជ្ជមាន និងជាពិសេសការជ្រើសរើសជឿជាក់លើប្រទេសជាតិរបស់ខ្លួន ជឿជាក់លើខ្លួនឯងថាជាអ្នកក្តោបក្តាប់នូវជោគវាសនាប្រទេសជាតិនាពេលអនាគត បានឆ្លុះបញ្ចាំងក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។
ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏បានប្រមូលផ្តុំនូវបណ្តាក្តីស្រមៃខុសៗគ្នា ផ្សេងៗគ្នាវេញចូលគ្នាជាធ្លុងមួយក្លាយជាក្តីសង្ឃឹមរួម ទស្សនៈរួម និងការតាំងចិត្តរួម។
បើតាម ឯកឧត្តម ហ៊ុន ម៉ានី សន្តិភាពក៏ជាកត្តាដាច់ណាត់មួយដែលផ្តល់ឱកាសដល់ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យុវជនដែលមានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតក្តីស្រមៃ ហើយរៀបចំគូសវាសដំណើរជីវិតឈោងចាប់ក្តីស្រមៃនេះបាន។
ឯកឧត្តមបញ្ជាក់ថា សន្តិភាពនាំឱ្យមានក្តីស្រមៃ និងក្តីសង្ឃឹម ហើយក្តីស្រមៃ និងក្តីសង្ឃឹមត្រូវមានសន្តិភាពជាខែលការពារ៕


